កីឡាករ​រត់​ប្រណាំង​​កម្ពុជា ២ រូបឈ្នះ​មេដាយ​ប្រាក់ ពីម៉ារ៉ាតុង​អន្តរជាតិ​នៅវៀតណាម

កីឡាករ​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា ២ រូប បាន​ឈ្នះ​មេដាយ​ប្រាក់​ដូច​គ្នា​ពី​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា ឆ្នាំ ២០២៥។

វិញ្ញាសា​ពាក់​កណ្តាល​ម៉ារ៉ាតុង ២១​គីឡូម៉ែត្រ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​កូន​កាត់​ខ្មែរ-បារាំង Lai Terence ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ប្រើ​ ថិរវេលា ១​ម៉ោង ១៤នាទី និង ០៤វិនាទី តាម​ពី​ក្រោយ​ម្ចាស់​មេដាយ​មាស​ជា​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម Pham Phan ដែល​ប្រើ​​ ថិរវេលា ១​ម៉ោង ១៣​នាទី​ និង ៣៧​វិនាទី ហើយ​មេដាយ​សំរិទ្ធ​បាន​ទៅ​កីឡាករកេនយ៉ា Kimutai Hillary ដែល​ប្រើ​​ថិរវេលា ១​ម៉ោង ១៥​នាទី និង ៤៥​វិនាទី។

សម្រាប់​វិញ្ញាសា​ម៉ារ៉ាតុង​ពេញ ៤២​គីឡូម៉ែត្រ កីឡាករ​ វ៉ាន់ ភារ៉ា ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ប្រើ​​​ថិរវេលា​ ២​ម៉ោង ៣៨​នាទី និង ៤២​នាទី តាម​ពី​លក្រោយ​ម្ចាស់​មេដាយ​មាសត្រឹម​តែ​ជាង ៦​នាទី ​ប៉ុណ្ណោះ​ពី​កីឡាករវៀតណាម Huynh Anh Khoi ដែល​ប្រើ​ថិរវេលា ២ម៉ោង ៣២​នាទី និង ១៨​វិនាទី ហើយ​មេដាយ​សំរិទ្ធ​បាន​ទៅ​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម Le Van Tuan ដែល​​ប្រើ​ ថិរវេលា ២​ម៉ោង ៤២​នាទី និង១៣​វិនាទី។

វិញ្ញាសា​ចម្ងាយ ២១​គីឡូម៉ែត្រ (ពាក់​កណ្តាល​ម៉ារ៉ាតុង Half Marathon)

  • លេខ១៖ កីឡាករ Pham Phan (វៀតណាម) មេដាយ​មាស ដោយ​ប្រើ​ថិរវេលា ១ ម៉ោង ១៣ នាទី និង ៣៧ វិនាទី
  • លេខ​២៖ កីឡាករ Lai Terence (កម្ពុជា) ​មេដាយ​ប្រាក់ ដោយ​ប្រើ​ ថិរវេលា ១​ ម៉ោង ១៤ នាទី និង ០៤វិនាទី
  • លេខ​៣៖ កីឡាករ Kimutai Hillary Kipchumba (កេនយ៉ា) ​មេដាយ​សំរិទ្ធ ដោយ​ប្រើ ថិរវេលា ១ ម៉ោង ១៥ នាទី និង ៤៥ វិនាទី​

វិញ្ញាសា​ចម្ងាយ ៤២​គីឡូម៉ែត្រ (ម៉ារ៉ាតុង​ពេញ Full Marathon)

  • លេខ១៖ កីឡាករ Huynh Anh Khoi (វៀតណាម) មេដាយ​មាស ដោយ​ប្រើ​ថិរវេលា ២ម៉ោង ៣២​នាទី និង ១៨​វិនាទី
  • លេខ​២៖ កីឡាករ​ វ៉ាន់ ភារ៉ា (កម្ពុជា) មេដាយ​ប្រាក់ ដោយ​​​ប្រើ​​ថិរវេលា ២​ម៉ោង ៣៨​នាទី និង ៤២​នាទី
  • លេខ​៣៖ កីឡាករ Le Van Tuan (វៀតណាម) ​មេដាយ​សំរិទ្ធ ដោយ​ប្រើ​ ថិរវេលា ២​ម៉ោង ៤២​នាទី និង ១៣​វិនាទី

កីឡាករ កីឡាការិនីរត់ប្រណាំងកម្ពុជា ៧ នាក់​បាន​ទៅប្រកួតនៅប្រទេសវៀតណាម ​កាល​ពី​ថ្ងៃអាទិត្យ ទី១២ ខែតុលានេះ​គឺ​ កីឡាករ វ៉ាន់ ភារ៉ា រត់ចម្ងាយ ៤២គីឡូម៉ែត្រ កីឡាការិនី កាន់ ស្រីរ័ត្ន រត់ចម្ងាយ ៤២គីឡូម៉ែត្រ កីឡាករ ឧក រ៉ហ៊ីត រត់ចម្ងាយ ២១គីឡូម៉ែត្រ កីឡាករកូនខ្មែរ-បារាំង Lai Terence រត់ចម្ងាយ ២១គីឡូម៉ែត្រ កីឡាករ ស៊ន ពិសី រត់ចម្ងាយ ១០គីឡូម៉ែត្រ កីឡាការិនី រុំ រំដួល រត់ចម្ងាយ ៥គីឡូម៉ែត្រ និង កីឡាករ ឆន សុផាន រត់ចម្ងាយ ៥គីឡូម៉ែត្រ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top