កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា កំពុងបង្ហាញសមត្ថភាពកាន់តែល្អខ្លាំងជាមួយក្រុម Win Streak ក្នុងរដូវកាល ២០២៥-២០២៦ បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតក្នុងលីគតៃវ៉ាន់ Taiwan Volleyball League រូបគេជាប់ជាកីឡាករលំដាប់កំពូលទាំង ៣ ប្រចាំក្រុមសឹងគ្រប់ការប្រកួត និងត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ២ លើក។
ក្នុងរដូវកាលនេះ វឿន វាសនា កំពុងដើរតួរយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុម Win Streak បំបែកកំណត់ត្រាជាលើកដំបូង ដោយឈ្នះការប្រកួតក្នុងលីគ តៃវ៉ាន់ ចំនួន ៥ ប្រកួតជាប់គ្នា។ ក្នុងនោះក្រុម Win Streak បានយកឈ្នះ Taipei East Power ៣-០, ឈ្នះ Taoyuan Leopards ៣-០, ឈ្នះ TSG Sky Hawks ៣-២, ឈ្នះក្រុម Taoyuan Clouded Leopards ៣-០ និងចុងក្រោយយកឈ្នះក្រុម TSG Sky Hawks កាលពីថ្ងៃ អាទិត្យ ទី ១២ ខែ តុលា ឆ្នាំ ២០២៥ ក្នុងលទ្ធផល ៣-០។ បច្ចុប្បន្ន ពួកគេរកបាន ១៤ ពិន្ទុ និងកំពុងឈរនៅកំពូលតារាង។
រឿងដ៏អស្ចារ្យសម្រាប់ វឿន វាសនា គឺក្នុងចំណោម ៥ ប្រកួតខាងលើ រូបគេបានស្ថិតនៅតំណែងលំដាប់កំពូលទាំង ៣ ជាកីឡាកររកពិន្ទុច្រើនជាងគេឱ្យក្រុមដល់ទៅ ៤ ប្រកួត ខណៈការប្រកួតទី ៥ ដែលជាការប្រកួតចុងក្រោយមិនទាន់ត្រូវបានប្រកាស។ ប្រកួតទី ១ កីឡាករមកពីខេត្ត បាត់ដំបង រកបាន ១៩ពិន្ទុ, ប្រកួតទី ២ រកបាន ១៦ពិន្ទុ, ប្រកួតទី ៣ រកបាន ៣៤ ពិន្ទុ និងប្រកួតទី ៤ រកបាន ២០ ពិន្ទុ។
វឿន វាសនា ត្រូវបានលីគ TPVL ជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួតចំនួន ២ លើក។ លើកទី ១ នៅក្នុងការប្រកួតដំបូងទល់នឹងក្រុម Taipei East Power កាលពីថ្ងៃ សៅរិ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ ដែលពេលនោះរូបគេរកបានពិន្ទុច្រើនជាង ចំនួន ១៩ពិន្ទុ។ ចំណែកលើកទី ២ នៅក្នុងការប្រកួតទល់នឹងក្រុម TSG Sky Hawks កាលពីថ្ងៃ អាទិត្យ ទី ៥ ខែ តុលា ឆ្នាំ ២០២៥ ដែលពេលនោះរូបគេរកបានពិន្ទុច្រើនជាងកីឡាករណាៗទាំងអស់ រហូតដល់ទៅ ៣៤ ពិន្ទុ។
តាមស្ថិតិខាងលើ បានបង្ហាញ ថា វឿន វាសនា ពេលនេះកំពុងក្លាយជាកីឡាករមិនអាចខ្វះបានម្នាក់របស់ Win Streak។ យ៉ាងណា កីឡាករបានលេងនៅទីនេះរយៈពេល ៣ រដូវកាលហើយ ដោយគិតទាំងរដូវកាលនេះ ខណៈនា ២ រដូវកាលមុន រូបគេជាកីឡាករម្នាក់ ជួយឱ្យក្រុម Win Streak ឈ្នះពានលីគកំពូលតៃវ៉ាន់ ២ រដូវកាលជាប់គ្នា៕
ប្រភព៖ KAMPUCHEATHMEY



