អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកម្ពុជាកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។
លោក នាង តុលា បានឲ្យដឹងថា ការបាត់មុខពីប្រភពកីឡាស្នូកឃ័រជាច្រើនឆ្នាំកន្លងទៅនោះគឺលោកមិនបានទៅណា ឬរស់នៅឯក្រៅប្រទេសអ្វីនោះទេ ពោលរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសារ និងប្រកបរបរបើកក្លឹបស្នូករឃ័រជាធម្មតា។
ការដែលបាត់មុខរហូតដល់ ២០១៧ នោះគឺលោកផ្អាកលេងជាច្រើនឆ្នាំដែរទើបវិលត្រឡប់ចូលក្នុងវិស័យកីឡាស្នូកឃ័រមួយនេះវិញ។ កាលនោះវិស័យកីឡាស្នូកឃ័រហាក់បាត់ដំណឹង ឬបាត់ប្រជាប្រិយភាពគឺដោយសារមិនមានកម្មវិធីប្រកួតផ្សេងៗមិនមានម្ចាស់ឧបត្ថម្ភនានារៀបចំឲ្យមានសកម្មភាពសោះឡើយទើបធ្វើឲ្យបាត់មុខរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះនេះទើបបានកក្រើកឡើងវិញខ្លះប៉ុណ្ណោះ។
យ៉ាងណាលោក នាង តុលា បានបញ្ជាក់ថាលោកមិនបានទៅណាចោលអ្នកគាំទ្រ ឬអ្នកស្រឡាញ់ចូលចិត្តលោកនោះទេ។ ដូច្នេះអ្នកដែលចង់ជួបលោក ចង់លេងសាកល្បងសមត្ថភាពជាមួយលោក ឬមានបំណងចង់ហាត់ជាអាជីពអាចមកកាន់វិនស្នូកឃ័រក្លឹប (Win Snooker Club Cambodia) ទល់មុខវិទ្យាល័យបាក់ទូកបាន។
បញ្ជាក់ដែរថា លោក នាង តុលា ជាអតីតជើងខ្លាំងផ្នែកកីឡាស្នូកឃ័រនេះអំឡុងឆ្នាំ២០០២ រហូតដល់ ២០១២ ដែលល្បីឈ្មោះជាខ្លាំង និងជាប់លេខ១ រយៈពេល១០ឆ្នាំជាប់គ្នា។ បច្ចុប្បន្នលោកជាកីឡាករជម្រើសជាតិផ្នែកកីឡាស្នូកឃ័រផងដែរ៕
ប្រភព៖ KAMPUCHEATHMEY



