តំណែងគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីរបស់លោក Patrick Kluivert កំពុងស្ថិតក្រោមកម្តៅ ក្រោយពីដឹកនាំក្រុមធ្លាក់ចេញពីវគ្គជម្រុះជុំទី៤ តំបន់អាស៊ី FIFA World Cup ឆ្នាំ ២០២៦។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌូណេស៊ីជាច្រើន បាននាំគ្នាចុះផ្សាយដាក់សម្ពាធកាន់តែខ្លាំង និងទាមទារឱ្យបុរសសញ្ជាតិហូឡង់ចុះចេញពីតំណែងតែម្តង។
ឥណ្ឌូណេស៊ី អស់ឱកាសប្រជែងកៅអីទៅលេងព្រឹត្តិការណ៍ World Cup 2026 លើកដំបូង ក្រោយចាញ់អ៊ីរ៉ាក់ លទ្ធផល ១-០ កាលពីថ្ងៃទី១១ តុលា ដែលក្រុមឈរនៅបាតតារាងគ្មានសូម្បីមួយពិន្ទុ រាប់បញ្ចូលទាំងចាញ់ការប្រកួតក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត លទ្ធផល ៣-២ ពេលប្រកួតបើកឆាកពូល B។ ក្រុមលេខ ១ ក្នុងវគ្គជម្រុះជុំទី៤ ទាំងពូល A និង B មានសិទ្ធិធ្វើដំណើរទៅ World Cup 2026 ដែលគ្រោងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ខណៈក្រុមនៅលេខ ២ មានឱកាសទៅប្រកួតអន្តរទ្វីប ដណ្តើមកន្លះកៅអីទល់ក្រុមមកពីទ្វីបដទៃ។
សុបិនឥណ្ឌូណេស៊ី បានរលាយ ទោះបីក្រុមបានវិនិយោគច្រើនលើការនាំយកកីឡាករល្អៗជាកូនកាត់ និងខ្លះចូលសញ្ជាតិ រួមទាំងជួលគ្រូបង្វឹកមានកម្រិតខ្ពស់លំដាប់អន្តរជាតិក៏ដោយ។
បើតាមការបង្ហាញទិន្នន័យរបស់ប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះ Suara ពីការប្រកួតពេលឥណ្ឌូណេស៊ី ចាញ់អ៊ីរ៉ាក់ ពួកគេបានចុចឈ្មោះលោក Kluivert ផ្ទាល់តែម្តងថាមូលហេតុដែលនាំឱ្យក្រុមបរាជ័យយ៉ាងអាម៉ាស់។ ពួកគេចោទបុរសសញ្ជាតិហូឡង់ ថាប្រើតិចនិកគ្មានប្រសិទ្ធិភាពទម្លុះប្រព័ន្ធការពាររបស់អ៊ីរ៉ាក់ ហើយបង្វឹកក្រុមឱ្យលេងតែការពារ មិនដាក់សម្ពាធខ្លាំងលើគូប្រកួត។
លើសពីនេះពលរដ្ឋឥណ្ឌូណេស៊ី នាំគ្នាខឹងសម្បារលើ អតីតកីឡាករក្រុម Barcelona ដោយបាននាំគ្នាបញ្ចេញមតិរិះគន់ខ្លាំងៗ និងខ្លះទៀតភ្ជាប់ពាក្យស្លោកតាមបណ្តាញសង្គមទាមទារឱ្យ បុរសវ័យ ៤៩ឆ្នាំ ចេញពីតំណែង។ អ្នកគាំទ្រថែមទាំងរិះគន់ដល់ទៅលោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ថាគ្មានសមត្ថភាពធ្វើការងារ និងទាមទារឱ្យលោកចុះចេញពីតំណែងដូចគ្នា ព្រោះតែការបណ្តេញលោក Shin Tae Yong អតីតគ្រូបង្វឹកពូកែមួយរូប ដែលដឹកនាំក្រុមឡើងជើងខ្លាំង កាលពីដើមឆ្នាំ ២០២៥។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ទទូចឱ្យ PSSI ស្វែងរកជម្រើសគ្រូបង្វឹកកម្រិតពិភពលោកដទៃមកជំនួសលោក Kluivert ឬក៏ឱ្យអតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ បន្តដឹកនាំក្រុមនាំយកលទ្ធផលល្អមកវិញ នៅការប្រកួត Asian Cup ឆ្នាំ ២០២៧ ជាការសងជំងឺចិត្តអ្នកគាំទ្រ។
មិនត្រឹមតែគ្រូបង្វឹក កីឡាករ ប្រធាន PSSI ម្នាក់ឡើយដែលរងការរិះគន់មិនសំចៃពីអ្នកគាំទ្រ សូម្បីអាជ្ញាកណ្តាលសញ្ជាតិចិន លោក Ma Ning ក៏ត្រូវបានអ្នកគាំទ្រទាំងនោះក្នក់ចិត្តខ្លាំង ខ្លះក៏ប្រើពាក្យប្រមាថ ចំពោះការចូលកាត់សេចក្តីពេលប្រកួតទល់អ៊ីរ៉ាក់។ ឥណ្ឌូណេស៊ីធ្លាប់ទាមទារឱ្យប្តូរអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតមកពីអឺរ៉ុប ឬអូស្រ្តាលី ជាជាងអាជ្ញាកណ្តាលពីតំបន់អាស៊ីកណ្តាល ឬជាជនជាតិចិន ព្រោះថាកាលវគ្គជម្រុះជុំទី៣ ឥណ្ឌូណេស៊ី ឈរក្នុងពូលជាមួយក្រុមជម្រើសជាតិចិន។
គូសរំលឹកថាឥណ្ឌូណេស៊ីបានសាងប្រវត្តិសាស្ត្រថ្មីក្នុងការប្រកួតជម្រុះ World Cup 2026 ទ្វីបអាស៊ី ចាប់តាំងពីការប្រកួតផ្តើមឡើងនៅក្នុងឆ្នាំ ២០២៣ មកម្ល៉េះ ដោយពួកគេឆ្លងកាត់ការប្រកួតទល់ក្រុមខ្លាំងប្រចាំតំបន់រួមមាន ជប៉ុន, អារ៉ាប៊ីសាអូឌីត បារ៉ែន អ៊ីរ៉ង់ អូស្ត្រាលីជាដើម។ ចំណោម ២០ប្រកួតក្នុងវគ្គជម្រុះទាំងនេះ ឥណ្ឌូណេស៊ីបានប្រកួតឈ្នះចំនួន ៨លើក ស្មើ៤ និងចាញ់ ៤លើក៕
ប្រភព៖ THMEYTHMEY



