វ័យ​កាន់​តែ​ច្រើន Messi និង Ronaldo កាន់តែល្អ បន្ត​បំបែក​កំណត់ត្រានៅជម្រើសជាតិ​ទៀត

កីឡាករ Lionel Messi និង Cristiano Ronaldo នៅតែបន្តសាងកំណត់ត្រាថ្មីៗក្នុងវិថីបាល់ទាត់របស់​ខ្លួន​ ទោះបច្ចុប្បន្នអ្នកទាំង ២ មានវ័យជ្រែរៀងៗខ្លួនទៅហើយ ខណៈថ្ងៃនេះពួកគេបានបំបែកកំណត់ត្រាថ្មីម្នាក់មួយទៀត នៅក្នុងក្រុមជម្រើសជាតិរបស់ពួកគេ។

នាយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៥ ខែ តុលា ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានស្មើគ្នា ២-២ ទល់នឹងក្រុម ហុងគ្រី ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦។ ក្នុងនោះ គ្រាប់បាល់ទាំង ២ គ្រាប់របស់ ព័រទុយហ្គាល់ គឺរកបានដោយ Ronaldo ទាំង ២ គ្រាប់។

ក្រោយរកបាន ២ គ្រាប់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធ Al-Nassr វ័យ ៤០ ឆ្នាំ បំបែកកំណត់ត្រាក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនាពេលបច្ចុប្បន្ន ក្នុងការប្រកួតវគ្គជម្រុះ World Cup ដោយមានគ្រាប់បាល់សរុប ៤១ គ្រាប់ ខណៈចំនួននេះបានវ៉ាដាច់អ្នកលេខ ២ អតីតកីឡាករជម្រើសជាតិ ហ្គាតេម៉ាឡា លោក Carlos Ruiz ដែលរកបាន ៣៩ គ្រាប់ និងអ្នកលេខ ៣ Lionel Messi ដែលរកបាន ៣៦ គ្រាប់។

នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥ Messi ដែលជាគូប្រជែងធំបំផុតរបស់ខ្សែប្រយុទ្ធក្រុមបញ្ចខែល ព័រទុយហ្គាល់ ក៏បានបំបែកកំណត់ត្រាថ្មីមួយដែរនៅជម្រើសជាតិ។ កាលពីព្រឹកមិញនេះ ខ្សែប្រយុទ្ធក្រុម Inter Miami បានចូលរួមបញ្ជូន (assist) ២ គ្រាប់ ជួយឱ្យ អាហ្សង់ទីន យកឈ្នះក្រុម ព័រតូរីកូ ៦-០ ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ។

ក្រោយរកបានគ្រាប់បាល់បញ្ជូន ២ លើក បានធ្វើឱ្យ Messi ពេលនេះក្លាយជាកីឡាកររកបានគ្រាប់បញ្ជូន ច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់ក្រុមជម្រើសជាតិ ដោយរកបានសរុប ៦០ លើក វ៉ាដាច់ Neymar ដែលធ្លាក់មកឈរលេខ ២ មានគ្រាប់បញ្ជូនចំនួន ៥៩ លើក។

ការបំបែកកំណត់ត្រាថ្មីរបស់ Ronaldo និង Messi បានបង្ហាញយ៉ាងច្បាស់ ថា អ្នកទាំង ២ នៅតែជាកីឡាករកំពូលក្នុងលោក បើ​ទោះ​ជា​ពួក​គេ​មានវ័យជ្រែរៀងៗខ្លួនទៅហើយក្តី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នកទាំង ២ ហាក់នៅតែមានឆន្ទៈចង់បន្តលេងបាល់ទាត់ជាបន្តទៀត ដូច្នេះកំណត់ត្រាសម្រាប់អ្នកទាំង ២ គឺមិនទាន់អស់ត្រឹមនេះនោះទេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top