កីឡាករកូរ៉េខាងត្បូង Son Heung Min បានជាប់ឈ្មោះជាកីឡាករល្អដាច់គេបំផុតប្រចាំទ្វីបអាស៊ី លើកទី១០ ដែលជាពានរង្វាន់រៀបចំឡើងដោយកាសែតដ៏ធំមួយរបស់ប្រទេសចិន Titan Sports។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានវ៉ាដាច់មិត្តរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង Lee Kang in របស់ក្រុម Paris Saint Germain និងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលលេងឱ្យក្រុម Al Nassr។
ខ្សែប្រយុទ្ធក្រុម Los Angeles FC ជាប់ឈ្មោះនៅកំពូលតារាង ដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១៤៦ពិន្ទុ ពីអ្នកជំនាញផ្នែកបាល់ទាត់ដែលមានសិទ្ធិបោះឆ្នោតចំនួន ៦៣រូប។ ជាមួយគ្នានេះ អ្នកជំនាញផ្នែកបាល់ទាត់ទាំងនោះជាអ្នកតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយចំនួន ៤២ ជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងអ្នកសារព័ត៌មានអន្តរជាតិចំនួន ២១រូប។
តាមរយៈសំឡេងឆ្នោតនេះ បានជួយ Son ជាប់ជាកីឡាករល្អដាច់គេនៅអាស៊ី ប្រចាំឆ្នាំ២០២៥ និងជាលើកទី១០ ដោយនាំមុខ Lee Kang in និង Ronaldo ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៣។ អតីតកីឡាករក្រុម Tottenham Hotspur ធ្លាប់ឈ្នះពានរង្វាន់នេះដំបូងក្នុងឆ្នាំ២០១៤ និងជាប់គ្នានៅឆ្នាំ២០១៥។ ចំណែកឯការឈ្នះជាប់ៗគ្នា ៧លើក គឺពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។
កីឡាករ Lee Kang in មិត្តរួមក្រុមនៅជម្រើសជាតិកូរ៉េខាងត្បូង ជាប់លេខ២ ទទួលបានការបោះឆ្នោតចំនួន ១០៥ពិន្ទុ។ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ លេងនៅអារ៉ាប៊ីសាអូឌីត ជាប់លេខ ៣ ទទួលបានត្រឹមតែ ៩១ពិន្ទុ។ កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ មិនធ្លាប់ជាប់ជាកីឡាករល្អប្រចាំទ្វីបអាស៊ីឡើយ ចាប់តាំងពីគេផ្លាស់ពីអឺរ៉ុប មកលេងនៅទឹកដីអាស៊ី នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដើមឆ្នាំ២០២៣។
ពានរង្វាន់កីឡាល្អប្រចាំទ្វីបអាស៊ី បង្កើតឡើងតាំងពីឆ្នាំ២០១៣ ដោយកាសែតដ៏ធំរបស់ចិន Titan Sports ហើយប្រគល់សម្រាប់តែកីឡាករលេងនៅក្រុមជម្រើសជាតិ និងក្លិបស្ថិតក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះ។
មែនទែនទៅ មានតែកីឡាករ ៣រូប ផ្សេងទៀតប៉ុណ្ណោះ ធ្លាប់បានឈ្នះពានរង្វាន់នេះ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ។ កីឡាករជប៉ុន Keisuke Honda ឈ្នះម្តងឆ្នាំ ២០១៣, Shinji Okazaki ឈ្នះក្នុងឆ្នាំ ២០១៦, Akram Afif សញ្ជាតិកាតា ដែល ប្រជែងឈ្នះ Son ដណ្តើមបានពាននេះក្នុងឆ្នាំ ២០២៤។
ដោយឡែកចំណាត់ថ្នាក់កីឡាករដទៃផ្សេងទៀត មានឈ្មោះក្នុងការបោះឆ្នោតនេះ រួមមាន Riyad Mahrez លេងឱ្យក្លិប Al Ahli នៅលេខ៤ មាន ៧៥ពិន្ទុ។ ខ្សែប្រយុទ្ធបារាំង Karim Benzema លេងឱ្យក្លិប Al Ittihad ឈរលេខ ៥ មានចំនួន ៧៥ពិន្ទុ៕
ប្រភព៖ THMEYTHMEY



