ជប៉ុន ស្គាល់ឈ្នះប្រេស៊ីល លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមកីឡាបាល់ទាត់ជ្រើសជាតិជប៉ុនបង្កើតប្រវត្តិសាស្ត្រថ្មី ដោយស្គាល់ជាតិឈ្នះ ប្រេស៊ីល លើកដំបូង តាមរយៈការវាយបក ក្នុងលទ្ធផល ៣-២ ក្នុងកីឡដ្ឋាន Tokyo។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមអាស៊ី ចំណោមការជួបគ្នាទាំង ១៤លើក ទល់នឹងក្រុមជើងខ្លាំងពីអាម៉េរិកខាងត្បូង។

ការប្រកួតនៅក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះជប៉ុនធ្វើមិនបានល្អ និងបានរបូត ២គ្រាប់ទៅកាន់ក្រុមភ្ញៀវប្រេស៊ីល ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា។ ប៉ុន្តែចូលវគ្គទីពីរ ជប៉ុនទៅវិញទេបានដាក់សម្ពាធខ្លាំងលើក្រុមខ្លាំងប្រេស៊ីល ដោយការវាយបករកបាន ៣គ្រាប់ជាបន្តបន្ទាប់រាល់ពេល ១០នាទីម្តង។ 

កីឡាករ Paulo Henrique និង Gabriel Martinelli ជាអ្នកស៊ុតបាល់រកគ្រាប់ឱ្យប្រេស៊ី។ រីឯ៣គ្រាប់របស់ជប៉ុន ធ្វើបានដោយកីឡាករ Takumi Minamino នាទី៥២, Keito Nakamura នាទី៦២ និង Ayase Ueda ជាអ្នកគ្រាប់ជ័យជម្នះដ៏ចង់ចាំបំផុត និងល្បីល្បាញនៅនាទី៧១។

ជាលទ្ធផលជប៉ុន មានចំណាត់ថ្នាក់លេខ ១៩ពិភពលោករបស់ FIFA Ranking  អាចផ្តួលក្រុមយក្សទ្វីបអាម៉េរិកខាងត្បូង ប្រេស៊ីល ឈរកម្រិតលេខ ៦ពិភពលោក។ ប្រេស៊ីលជាក្រុមឈ្នះពាន FIFA World Cup ៥លើក លើសក្រុមណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ 

ឈ្នះការប្រកួតដ៏ពិសេសមួយនេះ បានធ្វើឱ្យអ្នកគាំទ្រជប៉ុនស្ទើតែពេញកីឡដ្ឋានផ្ទុះក្តីរំភើបរីករាយខ្លាំង។ លើសពីនេះរាល់ពេលអ្នកគាំទ្រជប៉ុននាំគ្នាស្រែកច្រៀង ឬស្រែកហ៊ោពេលក្រុមស៊ុតបាល់បញ្ចូលទី បានធ្វើឱ្យក្រុមកីឡាករប្រេស៊ីលហាក់បីចាញ់ច្រាបនឹងសំឡេងគាំទ្រនោះ។

នៅមុនពេលមកប៉ះជប៉ុន ក្រុមប្រេស៊ីល​ដែលឈ្នះកៅអី World Cup 2026 ពីវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) បានលត់ក្រុមជើងខ្លាំងអាស៊ីមួយទៀតកូរ៉េខាងត្បូងលទ្ធផលចាស់ដៃ ៥-០។ តែទោះជាយ៉ាងណា ជប៉ុនក្នុងឆ្នាំ ២០២៥ ក៏ជាក្រុមកើនទម្រង់លេងល្អខ្លាំងមួយ។ កីឡាករជប៉ុនល្អៗប្រកបអាជីពនៅក្លិបធំៗរបស់អឺរ៉ុបច្រើននៅពេលនេះ ដែលអាចជួយឱ្យការប្រកួតទល់ប្រេស៊ីល មានភាពត្រសងគ្នា មិនចាញ់ច្រាបគូប្រកួត។

ប៉ះគ្នាបាន ១៤លើក ក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ ១៩៨៩​ មក ជប៉ុនតែងចាញ់ការប្រកួតក្រោមថ្វីជើងរបស់ប្រេស៊ីលដល់ទៅ ១១លើក ក្នុងការប្រកួតមិត្តភាព ឬពានរង្វាន់អន្តរជាតិផ្សេងៗ។ ក្រុមរហស្សនាមសាមូរ៉ៃ ធ្លាប់ប្រកួតស្មើ ប្រេស៊ីល ២លើក ក្នុងការប្រកួតពានរង្វាន់ FIFA Confederation Cup ឆ្នាំ ២០០១ និង ២០០៥។​

ចាញ់ជប៉ុនទាំងមិនអស់ចិត្ត លោក Carlo Ancelotti បានផ្តែផ្តាំកូនក្រុមឱ្យពង្រឹងផ្នែកផ្លូវចិត្តឡើងវិញ ខណៈកីឡាករបានបង្កកំហុស និងបង្កើតកន្លែងខ្វះចន្លោះច្រើន​។ ដោយឡែក ខ្សែបម្រើ Casemiro វិញ ស្តីបន្ទោសមិត្តរួមក្រុមថាបាត់បង់ស្មារតី និងប្រព័ន្ធលេងល្អជាក្រុមនៅក្នុងវគ្គទីពីរ ដែលនាំឱ្យក្រុមបរាជ័យ។ 

យ៉ាងណាមិញ អ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីល លោក Ancelotti ថាប៉ះ កូរ៉េខាងត្បូង និងជប៉ុនជាការប្រកួត ដែលលោកទទួលបានបទពិសោធន៍ល្អ និងមើលឃើញពីភាពអវិជ្ជមានរបស់ក្រុម។ ប្រេស៊ីល ក៏នឹងយកបទពិសោធន៍ប៉ះក្រុមខ្លាំងអាស៊ីទាំង ២ ដើម្បីត្រៀមលក្ខណៈការប្រកួតស្រង់បទពិសោធន៍ក្រុមដទៃទៀត នៅខែវិច្ឆិកាខាងមុខ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top