ក្រុមបាល់ទាត់ជម្រើសជាតិកាតា និងអារ៉ាប៊ីសាអូឌីត ដណ្តើមបានសំបុត្រទៅចូលរួមទៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្រោយដណ្តើមបានកំពូលតារាងវគ្គជម្រុះទី៤ ទ្វីបអាស៊ីរៀងៗខ្លួន។ អ៊ីរ៉ាក់ និងអេម៊ីរ៉ាត់អារ៉ាប់រួម ដែលបញ្ចប់លេខ ២ តាមពូល ត្រូវបន្តទៅប្រកួតជុំទី៥ ដណ្តើមកន្លះកៅអីទ្វីបអាស៊ី។
នៅជំនួបបង្ហើយវគ្គជម្រុះជុំទី៤ World Cup 2026 ទ្វីបអាស៊ី (AFC) កាតាធ្លាប់ជាម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ ២០២២ បានផ្តួលក្រុមអេម៊ីរ៉ាត់អារ៉ាប់រួម លទ្ធផល ២-១។ ចំណែកអារ៉ាប៊ីសាអូឌីត បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងអ៊ីរ៉ាក់ប៉ុណ្ណោះ។ ទាំងកាតា និងអារ៉ាប៊ីសាអូឌីត ក្រុមធ្លាប់លេចធ្លោរខ្លាំងលើការប្រកួតប្រជែងតាំងពីឆ្នាំ ២០២២ មក បែរនាំគ្នាធ្លាក់ទម្រង់លេងនៅឆ្នាំ ២០២៥ រហូតទាញឱ្យចូលប្រជែងកៅអីដល់វគ្គជម្រុះជុំទី៤ នេះ។
សម្រាប់ក្រុមកាតា ចាត់ទុកថាលើកដំបូងសម្រាប់ពួកគេ ដែលប្រជែងឈ្នះកៅអីទៅកាន់ World Cup ដោយសមត្ថភាពផ្ទាល់របស់ពួកគេ។ ការបង្ហាញខ្លួននៅ World Cup ឆ្នាំ ២០២២ លើកដំបូងរបស់កាតា ដោយសារជាម្ចាស់ផ្ទះ។
អារ៉ាប៊ីសាអូឌីត ដែលបានយកឈ្នះលើក្រុមខ្លាំងអាហ្សង់ទីន ក្នុងវគ្គចែកពូល World Cup ឆ្នាំ ២០២២ ក៏ប្រជែងទៅព្រឹត្តិការណ៍បាល់ទាត់ឆ្នាំ ២០២៦ ទាំងលំបាកលំបិនដូចគ្នាដែរ។ ដើម្បីចេញផុតត្រឹមវគ្គជម្រុះជុំទី៤ នេះ អារ៉ាប៊ីសាអូឌីតត្រូវតទល់ក្រុមឥណ្ឌូណេស៊ី ដោយការយកឈ្នះ និងការប្រកួតស្មើក្រុមអ៊ីរ៉ាក់ទាំងត្រដាបត្រដួស។ តែទោះជាយ៉ាងណា ពួកគេនៅតែសម្រេចគោលដៅ ធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ គ្រោងធ្វើនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលជាការបង្ហាញខ្លួនលើកទី៧ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ដោយឡែកអេម៊ីរ៉ាត់អារ៉ាប់រួម នៅសល់ឱកាសទៅប្រជែងដណ្តើម កន្លះកៅអីអន្តរទ្វីបអាស៊ី នៅវគ្គជម្រុះជុំទី៥ ទ្វីបអាស៊ី។ ពួកគេនឹងត្រូវប្រជែងទល់នឹងក្រុមអ៊ីរ៉ាក់ ជាក្រុមលេខ ២ ចេញពីពូល B កាលពីវគ្គជម្រុះជុំទី៤។ ក្រុមអូម៉ង់ និងឥណ្ឌូណេស៊ី ជាក្រុមខកចិត្តខ្លាំងនៅត្រឹមវគ្គនេះ ព្រោះតែពួកគេបរាជ័យការប្រកួតឈរបាតតារាង និងអស់ឱកាសទៅ World Cup។
រវាងក្រុមអេម៊ីរ៉ាត់អារ៉ាប់រួម និងអ៊ីរ៉ាក់ ក្រុមណាដែលប្រជែងឈ្នះការប្រកួតនៅវគ្គជម្រុះជុំទី៥ នោះនឹងមានសិទ្ធិទៅប្រកួតប្រជែងកម្រិតអន្តរទ្វីបជាមួយនឹងក្រុមមកពីតាមទ្វីបដទៃរួមមានអូសេអានី, អាហ្វ្រិក, អាម៉េរិកខាងជើង និងត្បូង ដើម្បីដណ្តើមកន្លះកៅអីបន្ថែម។ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលបង្កើនចំនួនក្រុមឡើងដល់ ៤៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងផ្តល់កៅអីចំនួន ២ ចុងក្រោយ សម្រាប់ក្រុមប្រជែងក្នុងការប្រកួតកម្រិតអន្តរទ្វីប៕
ប្រភព៖ THMEYTHMEY



