Trossard ស៊ុត ១គ្រាប់ជួយ Arsenal បន្តឈរទីកំពូលតារាង ស្របពេល City រំកិលមកដល់លេខ២

(បរទេស)៖ ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក Leandro Trossard ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់ប៉ុណ្ណោះ នៅពេលកាំភ្លើងធំ Arsenal យកឈ្នះម្ចាស់ផ្ទះ Fulham ១-០ រាត្រីថ្ងៃសៅរ៍ នៅពេល Manchester City អតីតម្ចាស់ជើងឯក Premier League ៤សម័យជាប់ៗគ្នា បានវិលមកកាន់លេខ២ វិញផងដែរ។

តាមរយៈ ៣ពិន្ទុដ៏គាប់ប្រសើរនៅកីឡដ្ឋាន Craven Cottage នៅពីមុខអ្នកទស្សនាផ្ទាល់ជិត ៣ម៉ឺននាក់ ញាំងឱ្យក្រុមរបស់លោក Mikel Arteta បន្តឈរទីកំពូលតារាងលីគអង់គ្លេសបណ្តោះអាសន្ន ដោយមាន ១៨ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតមកនេះ។

ពួកគេធ្វើមិនបានល្អឡើយ ក្នុងរយៈពេល ២រដូវកាលមុននៅទឹកដីរបស់ Fulham តាមរយៈចាញ់១ និងស្មើ១ មុនពេលរកបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ឡើងមកគ្រប់គ្រងតំណែងកំពូលតារាងជាលើកដំបូង សម្រាប់រដូវកាល ២០២៥-២៦។

ដូចគ្នានោះដែរ មេឃខៀវ Man City ដែលបានយកឈ្នះ Everton ២-០ នៅ Etihad ក៏បានរំកិលមកកាន់លេខ២ ក្នុងតារាងវិញដែរ ដែលជាជ័យជម្នះទី៥ របស់ពួកគេសម្រាប់ជើងទី១ ស្របពេលម្ចាស់ការពារតំណែងជើងឯក Liverpool ដែលចាញ់ ៤ពិន្ទុពី Arsenal ធ្លាក់មកដល់លេខ៣ ដោយត្រូវប៉ះបិសាចក្រហម Man Utd នៅយប់ថ្ងៃអាទិត្យនេះ។

ប្រសិនបើក្រុមរបស់លោក Arne Slot អាចយកបាន ៣ពិន្ទុនៅ Anfield នោះពួកគេនឹងឡើងទៅឈរលេខ២ ពីលើ Man City វិញ ក្នុងនាមក្រុមដែលចាញ់ប្រៀបគ្រាប់បាល់ចំណេញច្រើនរវាង Arsenal និង City៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top