សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) នៅថ្ងៃទី១៧ ខែតុលា បានសម្រេចព្យួរការងារអគ្គលេខាធិការរបស់ខ្លួន និងគ្រោងបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេតជុំវិញរឿងអាស្រូវក្លែងបន្លំឯកសារបស់កីឡាករបរទេសចូលសញ្ជាតិទាំង ៧នាក់។
កាលពីដើមសប្តាហ៍នេះ FAM បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលពិន័យស្ថាប័នខ្លួនជាង៤០ម៉ឺនដុល្លារ និងហាមកីឡាករទាំង៧ មិនឱ្យពាក់ព័ន្ធវិស័យកីឡាបាល់ទាត់រយៈពេល ១ឆ្នាំ។ FIFA បានចោទ FAM ផ្តល់ឯកសារមិនពិត ដោយសមគំនិតនឹងគ្រូពេទ្យ ថាកីឡាករទាំង៧ មានជីដូន ជីតាដើមកំណើតម៉ាឡេស៊ី។ ក្រោយការស៊ើបអង្កេត FIFA រកឃើញថា កីឡាករបរទេសទាំងនេះ មិនជាប់សែស្រឡាយក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះឡើយ។
FAM ទទួលស្គាល់កំហុសនេះ ប៉ុន្តែបដិសេធថាបានប្រព្រឹត្តខុសដោយចេតនា និងប្តឹងឧទ្ធរណ៍ប្រឆាំង FIFA។ គណៈកម្មាធិការវិន័យរបស់ FIFA នឹងសម្រេចចុងក្រោយមួយលើកទៀត លើការដកការពិន័យ FAM ឬក៏អត់។
ស្របពេលដាក់បណ្តឹងឧទ្ធរណ៍ លោក S. Sivasundaram អនុប្រធាន FAM អះអាងថានឹងបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីពិនិត្យដើមចមដែលបានកើតឡើងដោយពិតប្រាកដ ដើម្បីឱ្យស្ថាប័នខ្លួនស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុន។
ការបញ្ឈរជើងលោក Noor Azman Rahman ពីតំណែងអគ្គលេខាធិការ FAM ក៏ត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឱ្យគណៈកម្មាធិការអនុវត្តភារកិច្ចដោយគុណភាព និងតម្លាភាព។
ក្រៅពីដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ជាប្រាក់៤៤ម៉ឺនដុល្លារ FIFA បានផ្អាកកីឡាករ ៧រូបនោះ មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ និងជាប្រាក់២៥០០ដុល្លារម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់៕
ប្រភព៖ THMEYTHMEY



