អង្គរថាយហ្គឺរ វាយបកឈ្នះវិសាខា ឡើងឈរកំពូលតារាង CPL

អង្គរថាយហ្គឺរ កាន់តែផ្តល់ឱ្យអ្នកគាំទ្រខ្លួននូវភាពសប្បាយរីករាយ បន្ទាប់ពីពួកគេវាយបកឈ្នះវិសាខា ៣-២ ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ(CPL) សប្តាហ៍ទី៨ នៅថ្ងៃទី១៨ ខែតុលា។ ជ័យជម្នះនេះ បានជួយក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាប ឡើងឈរកំពូលតារាងបណ្តោះអាន្នវិញ។

ក្នុងការប្រកួតលីគសប្តាហ៍ទី៨ នៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខលើក្រុមភ្ញៀវអង្គរថាយហ្គឺរមុននៅនាទី១៧ តាមរយៈកីឡាករកូរ៉េខាងត្បូង Park Jungbin។ មុនបញ្ចប់វគ្គទី១ ពោលនៅនាទី៤៥+៣ Kurita Mark Adjei រកបានគ្រាប់តាមស្មើឱ្យអង្គរថាយហ្គឺរវិញ។

ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការដល់នាទី៨២ កីឡាករ សុខ គ្រី សូហ្វាន ជួយក្រុមដែលមានលោក SotaroYasunaga

ជាគ្រូបង្វឹកនាំមុខវិញ មុនពេល អ៊ុក សុវណ្ណតាមបានស្មើឱ្យវិសាខា ២-២ នៅនាទី ៩០+៤។ បើទោះអង្គរថាយហ្គឺរសល់គ្នាត្រឹម១០ ប៉ុន្តែនៅនាទី ៩០+៥ ឃូលីបាលី អាបឌែល ដណ្តើមបានគ្រាប់ទី៣ និងជាគ្រាប់ជ័យជម្នះសម្រាប់ក្រុមនៅសៀមរាបយកឈ្នះវិសាខា ៣-២។

មិនត្រឹមដណ្តើមបាន៣ពិន្ទុពីក្រុមខ្លាំងវិសាខាប៉ុណ្ណោះទេ ប៉ុន្តែក្រុមកំពុងឡើងជើងអង្គរថាយហ្គឺរ ថែមទាំងផ្តល់ស្នាមញញឹម និងភាគរីករាយដល់អ្នកគាំទ្រខ្លួនទៀតផង។

ឆ្លងកាត់៧ប្រកួតដើមរដូវកាល ២០២៥-២៦ នេះ ក្រុមដែលមានអ្នកជំនួញជប៉ុនលោក Akihiro Kato ជាម្ចាស់ រកបានបានជ័យជម្នះ៥លើក និងចាញ់២ មាន១៥ពិន្ទុ។ ១៥ពិន្ទុនេះ បានជួយក្រុមអង្គរថាយហ្គឺរ ឡើងឈរកំពូលតារាង CPL ជំនួសក្រុមការពារតំណែងជើងឯកព្រះខ័ររាជស្វាយរៀង ដែលមាន១៥ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់៦ប្រកួត ដោយនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទី។

ដោយឡែកជំនួបមួយគូទៀតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម្ចាស់ផ្ទះបឹងកេត បានយកឈ្នះគីរីវង់សុខសែនជ័យ ១-០។ ៨ប្រកួត បឹងកេតរកបាន១៤ពិន្ទុ ឡើងទៅឈរលេខ៤ ស្របពេលគីរីវង់ នៅលេខរៀងទី៩ ក្រោយរកបាន៤ពិន្ទុ ពីការប្រកួត៧លើក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top