ក្រុមបាល់ទាត់ បុរស-នារី កម្ពុជា នៅពូលជាមួយថៃ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី សុទ្ធតែស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះថៃ ក្នុងការប្រកួរកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ ២០២៥។ ក្រុមបុរសកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ និងទីម័រខាងកើត ស្របពេលក្រុមនារី ក្នុងពូលជាមួយថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី។ សម្រាប់វិញ្ញាសាបាល់ទះ ម្ចាស់មេដាយប្រាក់កម្ពុជា ត្រូវជួបម្ចាស់មេដាយមាសឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា។

ក្នុងពិធីចាប់ឆ្នោតរើសពូល កីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៩ ខែតុលា ក្នុងក្រុងបាងកក វិញ្ញាកីឡាបាល់ទាត់បុរសមាន១០ប្រទេសចូលរួម លើកលែងតែព្រុយណេប៉ុណ្ណោះដែលដកខ្លួន។ ដោយចែកចេញ ៣ពូល កម្ពុជា ស្ថិតក្នុងពូល Aជាមួយម្ចាស់ផ្ទះថៃ និងទីម័រខាងកើត ស្របពេលពូល B មានវៀតណាម ម៉ាឡេស៊ី និងឡាវ និងពូល C មាន៤ក្រុម ដូចជាម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា សិង្ហបុរីនិងហ្វីលីពីន។

ក្នុង​ពូល A ​ម្ចាស់ផ្ទះ​ថៃ ​នឹង​ប្រើ​កីឡដ្ឋាន Tinsulanon ក្នុងខេត្តសុងក្លា ដើម្បីប្រកួតសន្សំពិន្ទុ ខណៈ​ពូល B និង C នឹង​ប្រកួត​នៅ​ទីលានក្នុងខេត្ត​ឈៀងម៉ៃ។ ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើឡើងនៅ​កីឡដ្ឋាន Rajamangala ក្នុង​ទីក្រុង​បាងកក។

ដោយឡែក វិញ្ញាសាបាល់ទាត់នារី ដែលមាន៨ក្រុមចូលរួម ត្រូវចែកចេញជាពីរពូល ដោយពូល A កម្ពុជា ត្រូវតទល់ម្ចាស់ផ្ទះថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី។ ពូល B មាន ម្ចាស់ការពារជើងឯកវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងម៉ាឡេស៊ី។

ការ​ប្រកួត​ទាំងពីរពូលនេះ ​នឹង​ធ្វើឡើងនៅ​កីឡដ្ឋានចំនួនពីរ​ ក្នុងខេត្ត​ឈុនបុរី។

សម្រាប់វិញ្ញាសាបាល់ទះបុរសវិញ កម្ពុជា ស្ថិតក្នុងពូល B ជាមួយគូប្រជែងចាស់ឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ស្រពពេលពូល A មានម្ចាស់ផ្ទះថៃ វៀតណាម សិង្ហបុរី និងឡាវ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលរៀបចំនៅក្រុងបាងកក ឈុនបុរី និងសុងក្លា ត្រូវបានម្ចាស់ផ្ទះថៃ ដាក់៥០ប្រភេទកីឡា លើ៥៧៤វិញ្ញា ដើម្បីដណ្តើមមេដាយ ចាប់ពីថ្ងៃទី៩ ខែធ្នូ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top