ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្តឈរ​លើ​កំពូលតារាង​លីគ ខណៈ​ដល់​ពេល​ត្រៀម​ខ្លួន​ពាន​អាស៊ី

ក្លិប​បាល់ទាត់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​លើ​ក្រុម​ម្ចាស់​ផ្ទះ កង​យោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល ៦-១ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៨ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា ថ្ងៃអាទិត្យ ទី​១៩ ខែ​តុលា ឆ្នាំ ២០២៥។

តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ ១៨​ពិន្ទុ បន្ត​ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ ៦ និង​ចាញ់១ តាម​ពី​ក្រោយ​ដោយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​២ ភ្នំពេញ​ក្រោន ដែល​មាន ១៧​ពិន្ទុ តាម​រយៈ​ការ​ឈ្នះ ៥ និង ស្មើ ២។ ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ គិត​ត្រឹម​សប្តាហ៍​ទី​៨។

 

ចំណែក អង្គរថាយហ្គឺរ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៣ ដោយ​មាន ១៥​ពិន្ទុ បន្ទាប់​ពី​ឈ្នះ វិសាខា ៣-២ ក្នុង​សប្តាហ៍​ទី​៨។ ពួក​គេ​បាន​ឈ្នះ ៥ និង​ចាញ់ ២។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​សប្តាហ៍​ទី​៨​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ ពូល D ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា។ តាម​រយៈ​ការឈ្នះ កង​យោធពល​ខេមរភូមិន្ទ​ ៦​-១ ឃើញ​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ជម្រើស​១១​នាក់​ដំបូង​យ៉ាង​ល្អ ទាំង​កីឡាករ​បរទេស និង​កីឡាករ​ក្នុង​ស្រុក ដូច្នេះ​មុន​ពេល​ការ​ប្រកួត​ពាន​ក្លិប​អាស៊ី​មក​ដល់​គឺ​មានរយៈ​ពេលមួយ​សប្តាហ៍​ពេញ​ក្នុង​ការ​ត្រៀម​ខ្លួន។

នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែ​តុលា ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ​ក្រុមម៉ុងហ្គោលី SP Falcons វេលា​ម៉ោង ៤​ រសៀល ហើយ​ប៉ះ​ក្រុម​របស់​ឡាវ Ezra FC នៅ​ថ្ងៃវេលា​ម៉ោង​ ៧ យប់ ថ្ងៃពុធ ទី២៩ ខែ​តុលា និង​ចុង​ក្រោយ​ជួប​ក្រុម​ខ្លាំងរបស់​ហ្វីលីពីន Manila Digger វេលា​ម៉ោង ៧ យប់ ថ្ងៃ​សៅរ៍ ទី១ ខែ​វិច្ឆិកា៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top