(ភ្នំពេញ)៖ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានលើកឡើងថា បេក្ខភាពប្រកួតប្រជែងពានរង្វាន់ Queen Legends រដូវកាលទី២ ឆ្នាំ២០២៥ មានភាពរីកចម្រើន និងការកើនឡើងនូវគុណផលបច្ចេកទេសគួរឲ្យកត់សម្គាល់ ទោះបីក្រុមខ្លាំង CFU Serendipity បានបន្ដគ្រងជើងឯក ២ឆ្នាំជាប់គ្នាក៏ដោយ។
ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតអាជីពផ្នែកនារី Queen Legends លើកទី២ លើវិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ការប្រកួតដោយជោគជ័យ ដោយក្រុមកីឡាការិនី CFU Serendipity បានបន្ដលើកពានជាថ្មី បន្ទាប់ពីយកឈ្នះគូប្រជែងចាស់ក្រុម Galaxy Phoenix ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិច T.Y Media កាលពីចុងសប្ដាហ៍កន្លងទៅ។
អគ្គលេខាធិការសហព័ន្ធខាងលើ ទទួលស្គាល់ក្រុម CFU Serendipity ជាក្រុមល្អដាច់គេ តែបើក្រឡេកមើលការប្រកួតវិញ ឆ្នាំនេះ ខុសពីឆ្នាំមុន ដោយក្រុមភាគច្រើនអាចទប់ទល់ជាមួយពួកគេបាន មានន័យថា ទោះឈ្នះចាញ់ក៏ល្អមើល។ រីឯ ៧ក្រុមផ្សេងទៀត ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ក៏មានការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពោលគឺក្រុមនីមួយៗ មានការកើនឡើងផ្នែកគុណផលកីឡាគួរឲ្យកត់សម្គាល់ ខណៈអ្នកគាំទ្រក៏មានសន្ទុះច្រើនជាងមុន។
អគ្គលេខាធិការសហព័ន្ធដដែល បានចាត់ទុកភាពជោគជ័យ នៃការរៀបចំ ក៏ដូចជាភាពរីកចម្រើននៃក្រុមកីឡាអេឡិចត្រូនិកផ្នែកនារីនេះ គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់បង្ហាញពីសក្ដានុពលធនធានជំនាន់ថ្មី សម្រាប់ត្រៀមឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្លាំងលើឆាកអន្ដរជាតិ ជាក់ស្ដែងក្រុមជើងឯក CFU Serendipity ដែលត្រៀមចូលរួមការប្រកួតអន្ដរជាតិជាច្រើន ដូចជាស៊ីហ្គេម និងការប្រកួតជម្រុះជើងឯកពិភពលោក នាចុងឆ្នាំ២០២៥ នេះជាដើម។
សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ Quenn Legends រដូវកាលទី២ ឆ្នាំ២០២៥ គឺមាន ៨ក្រុមចូលរួម ។ ជាលទ្ធផលក្រោយដំណើរការប្រកួត ៧សប្ដាហ៍ គឺក្រុម CFU Serendipity បានក្លាយជាជើងឯក លើកទី២ អមជាមួយប្រាក់រង្វាន់ ២២លានរៀល និងក្រុម Galaxy Phoenix បន្ដគ្រងជើងឯករង អមប្រាក់រង្វាន់ ១២លានរៀល ។ រីឯលេខ៣ បានទៅក្រុមថ្មី Evil Eye Serenity អមប្រាក់រង្វាន់ ៨លានរៀល ជំនួសក្រុម Duck Rice Athena ដែលជាម្ចាស់ជយលាភីលេខ៣ ឆ្នាំមុន៕
ប្រភព៖ FRESHNEWS



