Ronaldo រកបាន ៨០០គ្រាប់ផ្លូវការនៅការប្រកួតក្លិបអាជីព នៅត្រឹមវ័យ ៤០ឆ្នាំ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ទី ៨០០ ជាគ្រាប់បាល់ផ្លូវការប្រចាំ ក្លិបអាជីព និងក្លាយជាកីឡាករដំបូងគេបង្អស់ ដែលអាចរកបានកំណត់ត្រានេះ ក្នុង ប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប។ កំណត់ត្រាទទួលបាននេះ កើតចេញពីការរួម ចំណែកស៊ុតបាល់ ១គ្រាប់ របស់កីឡាករវ័យ ៤០ឆ្នាំ ក្នុងការប្រកួតដែលក្រុម Al Nassr ផ្តួលក្រុម Al Fateh លទ្ធផល ៥-១ ថ្ងៃទី១៩ ខែតុលា។

ខ្សែប្រយុទ្ធវ័យចំណាស់ បន្តស្វែងរកបានគ្រាប់បាល់ ទោះមានជាពេលវេលានៃអាជីព​របស់គេ ​កំពុងកាន់តែខិតជិតដល់ផ្លូវបញ្ចប់ទៅហើយ។ ទោះបីជាក្នុងការប្រកួតនោះ គេ​ស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីមិនបានសម្រេច តែការព្យាយាមជាថ្មី តាមរយៈការ​ស៊ុតពីចម្ងាយ នៅទី៦០ បានជួយឱ្យបុរសវ័យ ៤០ឆ្នាំ រកបានគ្រាប់បាល់ទី​ ៨០០ ក្នុងអាជីព​។ ចំណែក ៤គ្រាប់ ផ្សេងទៀតធ្វើបានដោយកីឡាករ Joao Felix ៣គ្រាប់ម្នាក់ឯង នៅនាទី១៣, ៦៨ និង ៨០ រីឯ ១គ្រាប់ ផ្សេងទៀតធ្វើបានដោយកីឡាករ Kingsley Coman នាទី៧៥។

គ្រាប់បាល់ដ៏អស្ចារ្យ ពីសំណាក់ប្រធានក្រុមព័រទុយហ្កាល់ បានជួយឱ្យគេក្លាយជាកីឡាករ​ដំបូង​គេក្នុងប្រវត្តិសាស្ត្រ ដែលអាចរកបាន ៨០០គ្រាប់ ប្រចាំក្លិបអាជីព។ គ្រាប់ទាំង៨០០​នោះ​ ​រកបាននៅក្លិប Sporting Cp, Manchester United, Real Madrid, Juventus និងក្លិប​បច្ចុប្បន្ន Al Nassr។ លើសពីនេះ Ronaldo ក៏បាន​ទាញក្រុម Al Nassr ឱ្យឈរលើកំពូល​តា​រាងលី​គកំពូលអារ៉ាប៊ីសាអូឌីត ដោយកាន់ចំនួន ១៥ពិន្ទុ​ក្នុងដៃ ពីការប្រកួតចំនួន ៥លើក បើករដូវកាលថ្មី។

ទោះមានវ័យ ៤០ឆ្នាំ ក៏ដោយក្តី កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ នៅតែជាកីឡាករ​មានឥទ្ធិពលបំផុតក្នុងក្រុម Al Nassr និងក្នុងនាមជាកីឡាករម្នាក់ដើរតួសំខាន់ជំរុញទឹកចិត្ត កីឡាករដទៃក្នុងក្រុមទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការបន្តរកបានគ្រាប់បាល់នោះ ក៏បាន​បង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យ។ ពិសេស បុរសសញ្ជាតិព័រទុយហ្កាល់ ថារូបគេ​នៅតែអាច​ធ្វើបានយ៉ាងល្អ ក្នុងការរកគ្រាប់បាល់ នៅការប្រកួតដែលមានកម្រិតខ្ពស់។ 

គ្រាប់បាល់ទាំង ៨០០គ្រាប់ នៅក្លិបអាជីពទាំងអស់ ដែលអតីតកីឡាករក្រុម Real Madrid រកបាន ដោយផ្តើមដំបូងនៅក្លិប Sporting Cp ចំនួន ៥គ្រាប់ ជាកន្លែងគេផ្តើមអាជីព​ដំបូង​បង្អស់។ ពេលផ្លាស់ទៅក្លិប Manchester United ចំនួន ២លើក ​Ronaldo រកបានចំនួន ១៤៥​​ គ្រាប់ ហើយគ្រាប់បាល់ច្រើនជាងគេ គឺកើតឡើងនៅក្លិប Real Madrid ចំនួន ៤៥០​គ្រាប់​។ ទៅលេងនៅអ៊ីតាលី ២ឆ្នាំ Ronaldo រកបាន ១០១គ្រាប់ និងបច្ចុប្បន្ននៅក្លិប Al Nassr ក្នុងទ្វីបអាស៊ី កីឡាករម្ចាស់ពាន UEFA Champions League រកបានចំនួន ៩៩គ្រាប់ ពីការបង្ហាញខ្លួន ១១២ប្រកួត ក្នុងការប្រកួតផ្លូវការ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top