គ្រូជប៉ុន Ishii បានបកអាក្រាត ថៃ ថា ក្រឡេច​ក្រឡុច ក្រោយបណ្តេញលោកចេញពីតំណែង

គ្រូបង្វឹកសញ្ជាតិ ជប៉ុន លោក Masatada Ishii បានសម្តែងការខកចិត្ត ក្រោយសមាគម​កីឡា​បាល់ទាត់ថៃ ប្រកាសបញ្ចប់តំណែងរបស់លោកកាលពីថ្ងៃ អង្គារ៍ ទី ២១ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញ ទាំងលោកមិនទាន់យល់ព្រម ហើយលោកបានចាត់ទុកទង្វើ​របស់ ថៃ ជា «ភាពក្រឡេចក្រឡុចមិនស្មោះត្រង់»។

លោក Ishii ត្រូវបាន​សមាគម​កីឡាបាល់ទាត់ ថៃ ប្រកាសបញ្ចប់តំណែងជាផ្លូវការ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២១ ខែ តុលា ម្សិលមិញ បន្ទាប់ពីលោកទទួលការងារដឹកនាំក្រុមធំនេះតាំងពីខែ ធ្នូ ឆ្នាំ ២០២៣។ យ៉ាងណា ក្រោយការប្រកាសនេះរួច បុរសសញ្ជាតិ ជប៉ុន វ័យ ៥៨ ឆ្នាំហាក់ខកចិត្តជាខ្លាំង ដោយលោកបានទម្លាយអំពីវាំងននខ្មៅនៅពីក្រោយរឿងនេះ ថា សមាគម​កីឡា​​បាល់ទាត់ ថៃ បានបញ្ចប់តំណែងរបស់លោក ទាំងលោកមិនទាន់យល់ព្រមនៅឡើយ។

 

នៅវេលាម៉ោង ១០ ព្រឹក លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំសមាគម​ ដើម្បីរម្លឹកអំពីការប្រកួតឡើងវិញ ដែលក្រុម​ដំរីសឹក យកឈ្នះលើក្រុម ឆាយនីស តៃប៉ិ ៦-១ ក្នុងវគ្គជម្រុះ Asian Cup ២០២៧។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏បានប្រាប់លោក ថា ចង់ផ្តាច់កិច្ចសន្យារបស់លោក ដោយមូលហេតុគឺចង់ផ្លាស់ប្តូរបុគ្គលិកទៅតាមជំនាន់។ ទោះបីយ៉ាងណា លោកមិនទាន់យល់ព្រមនោះទេ ដោយលោកសូមលើករឿងនេះទៅពិភាក្សាគ្នាពេលក្រោយម្តងទៀត ប៉ុន្តែនៅថ្ងៃដដែលម៉ោង ៣ រសៀល សមាគម​កីឡា​បាល់ទាត់​ថៃ ក៏បានប្រកាសបញ្ចប់តំណែងរបស់លោក​តែ​ម្តង។

ជុំវិញរឿងនេះលោក បានធ្វើឱ្យលោក Ishii ចាត់ទុក ថៃ ថាមានភាពមិនស្មោះត្រង់។ លោក Ishii បានសរសេរនៅលើបណ្តាញសង្គម IG របស់ខ្លួនយ៉ាងដូច្នេះ ថា៖ «ថ្ងៃនេះម៉ោង ១០ ព្រឹក ខ្ញុំត្រូវបានហៅដោយសហព័ន្ធបាល់ទាត់ ថៃ តាមរយៈសារ។ ពួកយើងបានរម្លឹកឡើងវិញ អំពីការប្រកួតទាំង ២ ប្រកួតទល់នឹង ឆាយនីសតៃប៉ិ។ បន្ទាប់ពីនោះ ពួកគេបាននិយាយភ្លាមៗ ថា កិច្ចសន្យារបស់អ្នកនឹងត្រូវផ្តាច់នៅថ្ងៃនេះ។ ហេតុផល ពួកគេបាននិយាយ ថា យើងចង់ផ្លាស់ប្តូរក្រុមការងារជម្រើសជាតិឱ្យត្រូវតាមជំនាន់។ ខ្ញុំមិនបានទទួលយកភ្លាមនោះទេ ដោយខ្ញុំគ្រាន់តែឆ្លើយ ថា បាទ សូមជជែកគ្នាពេលក្រោយម្តងទៀត ហើយខ្ញុំក៏មិនបានចុះកិច្ចសន្យាដែរ។ ក្រោយមកពេលរសៀល សមាគម​បានប្រកាសបញ្ចប់តំណែងរបស់ខ្ញុំ។ របៀបរបស់ពួកគេ គឺមិនស្មោះត្រង់នោះទេ»។

គួរឱ្យដឹងថា អតីតគ្រូបង្វឹកក្រុម Kashima Antlers រូបនេះ បានចូលកាន់តំណែងក្រុមជម្រើសជាតិ ថៃ នៅចុងឆ្នាំ ២០២៣។ ចំពោះការដឹកនាំរបស់លោកជាង ១ ឆ្នាំកន្លះមកនេះ គឺមិនទាន់មានសមិទ្ធផលអ្វីជាដុំកំភួននៅឡើយទេ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top