ខ្សែប្រយុទ្ធលេចធ្លោ ៥ រូប មិនទាន់រកបានគ្រាប់បាល់សោះ នៅ​លីគ​កំពូលអង់គ្លេស រដូវកាលនេះ

ការប្រកួតក្នុងក្របខណ្ឌលីគកំពូល អង់គ្លេស Premier League រដូវកាល ២០២៥-២០២៦ បានបញ្ចប់ការប្រកួតចំនួន ៨ សប្តាហ៍ហើយ ប៉ុន្តែ​​មានខ្សែប្រយុទ្ធគួរឱ្យចាប់អារម្មណ៍ ៥ រូប នៅមិនទាន់រកបានគ្រាប់បាល់សោះឱ្យក្រុម។

កីឡាករទាំង ៥ នាក់នោះរួមមាន Alexander Isak របស់ Liverpool, Florian Wirtz របស់ Liverpool, Alejandro Garnacho របស់ Chelsea, Kai Havertz របស់ Arsenal និង Matheas Cunha របស់ Manchester United។

ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន សម្រាប់កីឡាករទាំង  ៥ នាក់ខាងលើ ដែលពុំទាន់រកបានគ្រាប់បាល់នៅ Premier League ក្នុងរដូវកាលនេះសូម្បីមួយគ្រាប់។ មូលហេតុធំ ដែលកីឡាករទាំងនោះត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយ​សារពួកគេ ជាកីឡាករត្រូវបានអ្នកគាំទ្រដាក់ក្តីរំពឹងខ្លាំង ថា នឹងអាចជួយក្រុមបានច្រើន។ ពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញ សមត្ថភាពល្អ និងមានតម្លៃខ្លួនខ្ពស់ ប៉ុន្តែនៅរដូវកាលថ្មី គិតត្រឹមថ្ងៃទី ២២ ខែ តុលា ពួកគេនៅមិនទាន់រកបានគ្រាប់បាល់នៅឡើយ។

ស្លេះអំពីកីឡាករនៅមិនទាន់រកបានគ្រាប់បាល់ជូនក្រុម ក្រឡេកទៅមើលកីឡាករកំពុងលេចធ្លោនៅ Premier League ក្នុងដើមរដូវកាលនេះវិញម្តង ក្នុងនោះខ្សែប្រយុទ្ធ Manchester City កីឡាករ Erling Haaland កំពុងឈរលើគេ ជាកីឡាកររកបានច្រើនបំផុត ដោយពេលនេះមាន ១១ គ្រាប់។ ចំណែក Antoine Semenyo របស់ Bournemouth ឈរលេខ ២ មាន ៦ គ្រាប់, កីឡាករ Igor Thiago របស់ Brentford និង Jean-Philippe Mateta របស់ Crystal Palace មាន ៥ គ្រាប់ស្មើគ្នា៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top