ក្រុមបាល់ទាត់របស់ប្រទេសម៉ុងហ្គោលី SP Falcons អាចចាត់ទុកជាគ្រូប្រជែងធំមួយដែលមិនអាចរំលងបានទេនៅក្នុងពូល D ពានរង្វាន់ក្លិបអាស៊ី AFC Challenge League ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដើម្បីឡើយក្រុមជើងឯកលីគកំពូលហ្វីលីពីន Manila Digger ត្រូវបានចាត់ទុកជាគ្រូប្រជែងធំនៅក្នុងពូល D ដែលមានកីឡាករបរទេស ១៤ នាក់ ប៉ុន្តែជើងឯកលីគកំពូលម៉ុងហ្គោលី SP Falcons ក៏ត្រៀមខ្លួនមិនធម្មតាដែរ។
អ្នកគាំទ្រមួយចំនួនប្រហែលជាដឹងហើយថា ក្រុម SP Falcons បានលើកពេលចំនួន ៣ ប្រកួតនៅលីគម៉ុងហ្គោលី ដើម្បីបានធ្វើដំណើរមកកម្ពុជាតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥ និងបានហ្វឹកហាត់នៅកម្ពុជា តាំងពីថ្ងៃទី១៥ ខែតុលា។ ពួកគេចំណាយប្រាក់យ៉ាងច្រើនដើម្បីមកហ្វឹកហាត់នៅកម្ពុជាឲ្យសាំនឹងអាកាសធាតុដែលក្តៅជាងនៅម៉ុងហ្គោលី។ ក្នុងនោះក៏មានការប្រកួតកម្តៅសាច់ដុំជាមួយក្រុមអង្គរថាយហ្គឺរផងដែរ។
បើក្រឡេកមើលសមាសភាពកីឡាករក៏រៀបចំបានល្អដែរគឺពួកគេត្រៀមកីឡាករបរទេស ៩ នាក់ គឺកីឡាករប្រេស៊ីល ៤ នាក់ កីឡាករជប៉ុន ២ នាក់ កីឡាករអ៊ូបេគីស្ថាន ១ នាក់ កីឡាករស៊ែប៊ី ១ នាក់ និងកីឡាកររុស្ស៊ី ១ នាក់។
កីឡាករដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺខ្សែប្រយុទ្ធសញ្ជាតិអ៊ូបេគីស្ថាន Reza Ayvazov ដែលជាកីឡាករកំពុងរកបានគ្រាប់បាល់ច្រើនជាងគេនៅលីគម៉ុងហ្គោលី។ បន្ទាប់មកកីឡាករជប៉ុន និងប្រេស៊ីលសុទ្ធតែល្អៗ។
សមភាសភាពកីឡាករបរទេស
- ខ្សែការពារជប៉ុន Taiyo Toyoda
- ខ្សែការពារប្រេស៊ីល Tiago Tomias
- ខ្សែបម្រើជប៉ុន Shoya Nagata
- ខ្សែបម្រើស៊ែប៊ី Nemanja Krusevac
- ខ្សែបម្រើប្រេស៊ីល Matheus Guará
- ខ្សែបម្រើប្រេស៊ីល Andre Ferreira
- ខ្សែប្រយុទ្ធអ៊ូបេគីស្ថាន Reza Ayvazov
- ខ្សែប្រយុទ្ធរុស្ស៊ី Daniil Musatkin
- ខ្សែប្រយុទ្ធប្រេស៊ីល Vlademir Everton
សូមបញ្ជាក់ថា ការប្រកួតថ្ងៃបើកឆាក ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons វេលាម៉ោង ៤ រសៀល នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ ហើយវេលាម៉ោង ៧ យប់ថ្ងៃដដែល ក្រុមរបស់ហ្វីលីពីន Manila Digger ប្រកួតជាមួយក្រុមរបស់ឡាវ Ezra FC។
៣ថ្ងៃបន្ទាប់ ពោលគឺថ្ងៃពុធ ទី២៩ ខែតុលា វេលាម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួតជាមួយ Manila Digger និងវេលាម៉ោង ៧ យប់ ថ្ងៃដដែល ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ក្រុម Ezra FC។
ការប្រកួតចុងក្រោយនៅថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួតជាមួយក្រុម Ezra FC និងវេលាម៉ោង ៧ យប់ ថ្ងៃដដែល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Manila FC៕
ប្រភព៖ KAMPUCHEATHMEY



