ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅទឹកដីហុងកុង ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ក្នុងថ្ងៃ FIFA Day នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
នេះជាការប្រកួតមិត្តភាពអន្តរជាតិផ្លូវការសាជាថ្មីរបស់ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជម្រើសដៃទី១ បន្ទាប់ពីមិនមានការប្រកួតអន្តរជាតិក្នុងថ្ងៃ FIFA Day ពីរលើកមកហើយ។ ជំនួបមិត្តភាពអន្តរជាតិលើកនេះ អាចកាន់តែគួរឲ្យចាប់អារម្មណ៍ និងល្អមើលសម្រាប់ក្រុមទាំងពីរ ដោយសារសមាជិកក្រុមកម្ពុជាហាក់កាន់តែល្អប្រសើរជាងមុន។
កីឡាករក្នុងស្រុកមានការប្រកួតប្រជែងខ្ពស់នៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា ហើយជាពិសេសកីឡាករកម្ពុជា ៣ នាក់បានចេញទៅលេងនៅក្រៅប្រទេស។ កីឡាករចូលសញ្ជាតិកម្ពុជា Andres Neito លេងនៅលីគកំពូលឥណ្ឌូណេស៊ី កីឡាករចូលសញ្ជាតិខ្មែរ Takaki Ose លេងនៅលីគកំពូលថៃ និងកីឡាករខ្មែរ-អាមេរិក Nick Taylor លេងនៅលីគកំពូលថៃដែរ។
អ្នកគាំទ្រសង្ឃឹមថា គ្រូបង្វឹកបង្គោលជម្រើសជាតិកម្ពុជា Koji Gyotoku នឹងកោះហៅកីឡាករដែលលេងនៅក្រៅប្រទេសមកចូលរួម ហើយប្រើប្រាស់កីឡាករកម្រិតជម្រើសដៃទី១ឲ្យបានច្បាស់លាស់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិផ្លូវការ។ ជាពិសេសមិនគួរប្រើប្រាស់កីឡាករកម្រិតយុវជនអាយុ ២២ ឆ្នាំ ដាក់លាយបញ្ចូលជាមួយក្រុមធំដើម្បីត្រៀមកីឡាស៊ីហ្គេម ចុងឆ្នាំនេះ។ សហព័ន្ធគួរបង្វឹកក្រុម U22 សុទ្ធឲ្យហ្វឹកហាត់ និងលេងជុំគ្នាឲ្យបានច្រើនទើបពួកគាត់យល់ចិត្តគ្នា។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ ហុងកុង ដោយលទ្ធផល ០-៣ នៅទឹកដីហុងកុង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៤ ក្រោមការដឹកនាំការប្រកួតទី២ របស់លោកគ្រូ Koji Gyotoku បន្ទាប់ពីដឹកនាំការប្រកួតទី១បានឈ្នះ ឆាយនីសតៃប៉ិ ដោយលទ្ធផល ៣-២។
នៅឆ្នាំ ២០២៥ មានការប្រកួតមិត្តភាពអន្តរជាតិចំនួន ៣ លើកសម្រាប់ក្រុមកម្ពុជា ប៉ុន្តែបានចាញ់ទាំង ៣ លើកគឺ ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២ និងចាញ់ តាហ្ស៊ីគីស្ថាន ១-២។ ទោះជាយ៉ាងណា សម្រាប់ការប្រកួត ១០ ចុងក្រោយ ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៥ គឺក្រុមជម្រើសជាតិកម្ពុជាតែងតែរកបានគ្រាប់បាល់រហូត បើទោះជាដៃគូខ្លាំងៗក៏ដោយ៕
ប្រភព៖ KAMPUCHEATMEY



