លើក​នេះ​កាន់​តែល្អ​មើល កម្ពុជា ប៉ះ ហុងកុង ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ខែ​ក្រោយ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ហុងកុង ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ ក្នុង​ថ្ងៃ FIFA Day នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ផ្លូវ​ការ​សា​ជា​ថ្មី​របស់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាជម្រើសដៃ​ទី១ បន្ទាប់​ពី​មិន​មាន​ការ​ប្រកួត​អន្តរជាតិ​ក្នុង​ថ្ងៃ FIFA Day ពីរ​លើក​មកហើយ។ ជំនួប​មិត្តភាព​អន្តរជាតិ​លើក​នេះ អាច​កាន់​តែ​​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ល្អមើល​សម្រាប់​ក្រុម​ទាំង​ពីរ ដោយសារ​សមាជិក​ក្រុម​​កម្ពុជា​ហាក់​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

កីឡាករ​ក្នុង​ស្រុក​មាន​ការ​ប្រកួត​ប្រជែងខ្ពស់​​នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា ហើយ​ជា​ពិសេស​កីឡាករ​កម្ពុជា ៣ នាក់​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។ កីឡាករចូល​សញ្ជាតិ​កម្ពុជា Andres Neito លេង​នៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ Takaki Ose លេង​នៅ​លីគ​កំពូល​ថៃ និង​កីឡាករ​ខ្មែរ-អាមេរិក Nick Taylor លេង​នៅ​លីគ​កំពូល​​ថៃ​ដែរ។

អ្នក​គាំទ្រ​សង្ឃឹម​ថា គ្រូ​បង្វឹក​បង្គោល​ជម្រើស​ជាតិ​កម្ពុជា Koji Gyotoku ​នឹង​កោះ​ហៅ​កីឡាករ​ដែល​លេង​នៅ​ក្រៅ​ប្រទេស​មក​ចូល​រួម​ ហើយ​ប្រើ​ប្រាស់​កីឡាករ​កម្រិត​ជម្រើស​ដៃ​ទី១​ឲ្យ​បាន​ច្បាស់​លាស់សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ។ ជា​ពិសេស​មិន​គួរ​ប្រើ​ប្រាស់​កីឡាករ​កម្រិត​យុវជន​អាយុ ២២ ឆ្នាំ ដាក់​លាយ​បញ្ចូល​ជា​មួយ​ក្រុម​ធំ​ដើម្បី​ត្រៀម​កីឡា​ស៊ីហ្គេម ចុង​ឆ្នាំ​នេះ។ សហព័ន្ធ​គួរ​បង្វឹក​ក្រុម U22 សុទ្ធ​ឲ្យ​ហ្វឹកហាត់ និង​លេង​ជុំ​គ្នា​ឲ្យ​បាន​ច្រើន​ទើប​ពួក​គាត់​យល់​ចិត្ត​គ្នា។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ចាញ់ ហុងកុង ដោយ​លទ្ធផល ០-៣ នៅ​ទឹក​ដី​ហុងកុង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ ២០២៤ ក្រោម​ការ​ដឹក​នាំ​​ការ​ប្រកួត​ទី​២ របស់​លោក​គ្រូ Koji Gyotoku បន្ទាប់​ពី​ដឹក​នាំ​ការ​ប្រកួត​​ទី១​បានឈ្នះ ឆាយនីសតៃប៉ិ ដោយ​លទ្ធផល ៣-២។

នៅ​ឆ្នាំ ២០២៥ មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន ៣ លើក​សម្រាប់​ក្រុម​កម្ពុជា ប៉ុន្តែ​បាន​ចាញ់​ទាំង ៣ លើក​គឺ ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២ និង​ចាញ់ តាហ្ស៊ីគីស្ថាន ១-២។ ទោះ​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត ១០ ចុង​ក្រោយ ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ ២០២៥ គឺ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តែង​តែរក​បាន​គ្រាប់​បាល់​រហូត បើ​ទោះ​ជា​ដៃ​គូ​ខ្លាំង​ៗ​ក៏​ដោយ៕

ប្រភព៖ KAMPUCHEATMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top