ស្របតាមសហព័ន្ធកីឡាជាសមាជិក IPC ហាមរុស្ស៊ី និងបេឡារុសពីការប្រកួតប៉ារ៉ាឡាំពិករដូវរងា

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានហាមឃាត់អត្តពលិករបស់រុស្ស៊ី និងបេឡារុស ពីការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ទីក្រុង Milano-Cortina បើទោះបីឈរឈ្មោះក្នុងនាមជាអត្តពលិកអព្យាក្រឹត។ ការហាមឃាត់នេះធ្វើឡើងក្រោយពេល IPC ជួបពិភាក្សារកដំណោះស្រាយជាមួយនឹងសមាជិកសហព័ន្ធកីឡាអន្តរជាតិពីបណ្តាប្រទេសជាសមាជិករបស់ខ្លួន​រួចមក។

ក្រោយកិច្ចពិភាក្សារវាង IPC និងសមាជិក ធ្វើឡើងនៅថ្ងៃទី២៣ តុលា បានសម្រេចដាក់ការហាមឃាត់លើអត្តពលិកប៉ារ៉ាឡាំពិកមកពីរុស្ស៊ី និងបេឡារុស បន្តទៀត។ រយៈពេលនៃការហាមឃាត់​ គិតចាប់តាំងពីពេលដែលទាហានរុស្ស៊ី បានបើកបើកវាយលុកចូលអ៊ុយក្រែនតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ នេះគឺធ្វើឡើងផ្ទុយពីអ្វីដែល IPC ធ្លាប់បានលុបចោលការហាមឃាត់លើប្រទេសទាំងពីរ កាលពីខែកញ្ញា កន្លងមក ហើយអនុញ្ញាតឱ្យអត្តពលិកខាងលើអាចចូលរួមប្រកួតក្នុងនាមជាអត្តពលិកអព្យាក្រឹត។

យ៉ាងណាមិញ រាល់សមាជិកសហព័ន្ធកីឡា ស្ថិតក្នុងកីឡាប៉ារ៉ាឡាំពិក បាននាំគ្នាប្រកែកមិនអនុញ្ញាតឱ្យរុស្ស៊ី និងបេឡារុសចូលរួមការប្រកួតវិញឡើយ។ ការហាមឃាត់ត្រូវបានធ្វើឡើងចាប់តាំងពីវគ្គជម្រុះ ដើម្បីស្វែងរកផ្លូវធ្វើដំណើរទៅកាន់ការប្រកួតប៉ារ៉ាឡាំពិករដូវរងានៅប្រទេសអ៊ីតាលីតែម្តង។

ប្រធាន IPC លោក Andrew Parsons បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«IPC គោរពយ៉ាងពេញលេញលើការសម្រេចចិត្តរបស់មហាសន្និបាត ដោយត្រូវបន្តហាមឃាត់សមាជិកបេឡារុស និងរុស្ស៊ី ពីការប្រកួត។ យើងគោរពតាមការសម្រេចចិត្តរបស់សហព័ន្ធកីឡាអន្តរជាតិនីមួយៗ ទាក់ទងទៅនឹងកីឡាដែលពួកគេបានគ្រប់គ្រងផងដែរ ចំពោះការហាមឃាត់នេះ។»។ 

កន្លងមកភាពចម្រូងចម្រាសជាច្រើនបានកើតឡើង ដោយសហព័ន្ធកីឡាស្គីទឹកកក និងស្គីក្តារបន្ទះអន្តរជាតិ (FIS)​ បានបោះឆ្នោតជាមួយសមាជិកខ្លួន មិនអនុញ្ញាតឱ្យមានអត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមការប្រកួតរបស់ខ្លួននៅអ៊ីតាលីបានឡើយ បើទោះបីជាអត្តពលិកមកពីប្រទេសទាំង២ ប្រើឈ្មោះជាអត្តពលិកអព្យាក្រឹតក៏ដោយ។ 

ដោយឡែកសហព័ន្ធកីឡាប៊ីអាត្លុងអន្តរជាតិ (International Biathlon Union​) ក៏នៅតែបានបន្តដាក់ការហាមឃាត់នេះលើអត្តពលិករុស្ស៊ី បេឡារុស ដូចគ្នាដែរ។ 

​គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងា នៅទីក្រុង Milano និង Cortina នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី៦-១៥ ខែមីនា ឆ្នាំ ២០២៥៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top