កត្តាធំ ៤ ធ្វើឱ្យលីគបាល់ទះ អ៊ីតាលី ឈរជើងជាលីគលំដាប់កំពូល​ ក្នុងលោក

លីគបាល់ទះកំពូល អ៉ីតាលី (Italian SuperLega) ត្រូវបានគេចាត់ទុកជាលីគបាល់ទះលំដាប់កំពូលក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺឈរនៅលើលីគបាល់ទះរបស់ប្រទេសធំៗដូចជា រុស្ស៊ី ប្រេស៊ីល តួកគី និង ប៉ូឡូញ ទៅទៀត។

បើនិយាយអំពីបាល់ទាត់ គឺលីគបាល់ទាត់ អង់គ្លេស Premier league ដែលត្រូវបានគេចាត់ទុកជាលីគធំបំផុតក្នុងពិភពលោក ប៉ុន្តែបើនិយាយអំពីបាល់ទះវិញ គឺជាលីគបាល់ទះកំពូល អ៉ីតាលី Italian Super​ Lega។

 

មូលហេតុ ធ្វើឱ្យលីគបាល់ទះ អ៉ីតាលី មានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញខ្លាំងបែបនេះ គឺបណ្តាលមកពីកត្តាច្រើន ប៉ុន្តែថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកត្តាធំៗចំនួន ៤ ដើម្បីមកបង្ហាញ។

 
  • ការប្រកួតប្រជែងស្ថិតក្នុងកម្រិតខ្ពស់

លីគបាលទះកំពូល អ៉ីតាលី បានឈរជើងជាលីគស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរឆ្នាំមកហើយ ពោលគឺតាំងពីទសវត្សឆ្នាំ ១៩៨០។ ក្នុងប្រទេស អ៉ីតាលី មានលីគបាល់ទះច្រើនកម្រិត ពោលតាំងពីលីគទី ១ ដល់កម្រិតទី ៤ ហើយថែមទាំងមានលីគថ្នាក់តំបន់ និងថ្នាក់ខេត្តថែមទៀត។ លីគបាល់ទះកំពូល អ៉ីតាលី មានចំនួន ១២ ក្រុម ដែលសុទ្ធតែជាក្រុមៗខ្លាំងៗ ហើយពួកគេបានប្រកួតប្រជែងគ្នាយ៉ាងតឹងតែងរៀងរាល់រដូវកាល។ ចំណុចទាំងនេះ បានទាក់ទាញយ៉ាងខ្លាំងដល់កីឡាករល្បីៗក្នុងពិភពលោក ដើម្បីចាប់ក្តីស្រមៃមកលេងនៅទីនេះ។ ជាក់ស្តែង ស្មាត់កំពូលរបស់ ប៉ូឡូញ Wilfredo Leon ក៏ធ្លាប់លេងនៅទីនេះផងដែរ។

  • ធនធានកីឡាករអន្តរជាតិកំពូលៗ

លីគបាល់ទះកំពូល អ៉ីតាលី ប្រជុំទៅដោយកំពូលកីឡាករបាល់ទះជាច្រើនមកពីជុំវិញពិភពលោក។ ដូចបានលើកឡើងខាងលើ សូម្បីកំពូលកីឡាករ ប៉ូឡូញ Wilfredo Leon ក៏ធ្លាប់លេងនៅទីនេះផងដែរ។ នា​ពេលបច្ចុប្បន្ន កីឡាករកំពូលៗ កំពុងលេងនៅទីនេះរួមមាន អ្នកលើកបាល់របស់ អ៉ីតាលី Simone Giannelli, ស្មាត់ជម្រើសជាតិ អ៉ីតាលី Alessandro Michieletto, ស្មាត់ជម្រើសជាតិ ជប៉ុន Ran Takahashi, ស្មាត់ ជប៉ុន Yuki Ishikawa និងកីឡាករជាច្រើនរូបទៀត។

  • សម្បូរក្លិបជោគជ័យលើឆាកអន្តរជាតិ

បើនិយាយអំពីក្លិបជោគជ័យខ្លាំងបំផុត ចំពោះការប្រកួតលើឆាកអន្តរជាតិ គឺគ្មានក្លិបណាជោគជ័យជាងក្លិប​របស់ប្រទេស អ៉ីតាលី នោះទេ។ ជាឧទាហរណ៍ ពានក្លិបបាល់ទះធំបំផុតក្នុងពិភពលោក (FIVB Men’s Volleyball Club World Championship) បច្ចុប្បន្នកំពុងកាន់កាប់ដោយក្លិប Trentino Itas របស់ អ៉ីតាលី ជាក្លិបឈរលេខ ១ ឈ្នះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្លិបនេះធ្លាប់ឈ្នះជើងឯកបាន ៥ លើក, តំណែងលេខ ២ (មេដាយប្រាក់) ២ លើក និងតំណែងលេខ ៣ (មេដាយសំរឹទ្ធ) ៣ លើក។

  • ហិរញ្ញវត្ថុរឹងមាំ

នេះជាចំណុចសំខាន់បំផុត បើធៀបនឹងកត្តា ៣ ខាងលើ។ ហិរញ្ញវត្ថុរបស់លីគបាល់ទះ អ៉ីតាលី ក៏ដូចជាក្លិបនីមួយៗ គឺពិតជារឹងមាំខ្លាំង ដោយសារពួកគេមានម្ចាស់ឧបត្ថម្ភច្រើន និងសុទ្ធតែជាម៉ាកយីហោល្បីៗ។ ចំណុចទាំងនេះ ធ្វើឱ្យក្លិបនីមួយៗមានលទ្ធភាពចុះកិច្ចសន្យាយកកីឡាករល្បីៗមកពង្រឹងក្រុម ដោយហ៊ានឱ្យប្រាក់ពលកម្មក្នុងតម្លៃខ្ពស់។ ដកស្រង់ប្រភពពី VolleyballCountry គឺកីឡាករនៅលីគ អ៉ីតាលី មានប្រាក់ពលកម្មប្រចាំឆ្នាំចាប់ពី ១០ ម៉ឺនដុល្លារអាមេរិក ដល់ ១ លានដុល្លារអាមេរិក។ ដូច្នេះហើយទើបពួកគេសូម្បូរកីឡាករឆ្នើមៗលេងនៅទីនោះ និងក្លិបនីមួយជោគជ័យខ្លាំង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top