លោក គុណ ប៊ុនសាន កីឡាការិនី​បាល់ទះ​ឥលូវ​មាន​ច្រើន​​សមត្ថភាពល្អ​ទៀត​​សហព័ន្ធ​គួរ​បង្កើត​ឲ្យ​មាន​លីគ​នារី​ៗ​

គ្រូ​បង្វឹក​បាល់ទះ​ និង​ជា​អតីត​កីឡាករ​ផង​នោះ​លោក​​ គុណ​ ប៊ុនសាន​ ចង់​ឃើញ​សហព័ន្ធ​បង្កើត​ជា​លីគ​បាល់ទះ​នារី​ ព្រោះ​ធនធាន​នារី​ឥលូវ​មាន​ច្រើន​ និង​ប្រកប​ដោយ​សមត្ថភាព​ទៀត​ផង។​

គ្រូ​បង្វឹក​បាល់ទះ​ផ្នែក​នារី​របស់​ក្រុម​បាល់ទះ​ស្នងការ​ លោក​ គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​មិន​មាន​កីឡាការិនី​បាល់ទះ​ច្រើន​ ឬ​សំបូរ​អ្នក​ហ្វឹកហាត់​ដូច​ជំនាន់​ឥលូវ​នេះទេ។​ ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ផ្សេងៗ​ភាគ​ច្រើន​គឺ​មាន​តែ​ផ្នែក​បុរស​ប៉ុណ្ណោះ។​

អតីត​លីប្រូ​របស់​វិសាខា​ខាង​លើ​បន្ត​ទៀត​ថា​ ឥលូវ​នេះ​ខុស​ពី​ជំនាន់​មុន​ដាច់​ ព្រោះ​មាន​សិស្សនារី​ៗតាម​សាលា​ឯកជន​ចូល​ហ្វឹកហាត់​បាល់ទះ​នេះ​ច្រើន។​ អ្នក​ទាំង​នោះ​ហ្វឹកហាត់​ដោយ​ទឹកចិត្ត​ស្រឡាញ់​ហើយ​ថែម​ទាំងមាន​សមត្ថភាព​ល្អ​ទៀត​ផង។​ ចំណែក​កម្ពស់​វិញ​ក៏​មានកីឡាការិនី​ខ្លះ​ដល់​ទៅ​​ជាង ១.៧០Cm ក៏​មាន​ដែរ​ និង​លេង​បាន​ល្អៗ​ទៀត។​ លោក​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ​សហព័ន្ធ​នឹងបង្កើត​ជា​លីគ​បាល់ទះ​នារីៗ​ឡើង​ដើម្បី​ឲ្យ​មាន​ធនធាន​នារី​ដូច​ផ្នែក​បុរស​ដែរ និង​ជា​ការ​ផ្ដល់​ឱកាសឲ្យ​បាន​បញ្ចេញ​សមត្ថភាព​ ឬ​មាន​ធនធាន​ចូលរួម​ប្រកួត​ប្រជែង​ដូច​ប្រទេស​ដទៃ​។

លោក​ជឿជាក់​ថា​ប្រសិន​បើ​បង្កើត​ឲ្យ​មាន​លីគ​នេះ​មែន​នោះ​នឹង​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​គ្នា​ច្រើន​ និង​អាច​ស្វែង​រកនូវ​កីឡាការិនី​ល្អៗ​ជា​​មិន​ខាន​ឡើយ។​ នេះ​ជា​ក្ដី​បំណង​មួយ​របស់​គ្រូ​បង្វឹក​ដែល​កំពុង​បណ្ដុះ​ធនធាន​ថ្នាល​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ។​

បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​បាល់ទះ​មាន​ភាព​រីកចម្រើន​ខ្លាំង​​ សន្ទុះ​ការ​គាំទ្រ​ និង​ហ្វឹកហាត់​លេង​បែប​សុខភាព​ក៏​មាន​ច្រើន​ផង​ដែរ។​ តាម​សាលាឯកជន​ជា​ច្រើន​ពិសេស​នៅ​រាជធានីភ្នំពេញ​បាន​បង្កើត​ឲ្យមាន​ជា​ការ​ហ្វឹកហាត់​បាល់ទះ​បែប​សុខភាព​នេះ​ជា​ច្រើនរៀងរាល់ចុងសប្ដាហ៍។​ យ៉ាងណា​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ជា​ការ​ប្រកួត​លីគ​ ឬ​ពាន​រង្វាន់​ផ្នែក​នារី​ជា​ប្រចាំ​ឲ្យ​ដូច​ផ្នែក​បុរស​នៅ​ឡើយ​ទេ។​ ផ្នែក​បុរស​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​តេជោលីគ​ ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top