គ្រូបង្វឹកបាល់ទះ និងជាអតីតកីឡាករផងនោះលោក គុណ ប៊ុនសាន ចង់ឃើញសហព័ន្ធបង្កើតជាលីគបាល់ទះនារី ព្រោះធនធាននារីឥលូវមានច្រើន និងប្រកបដោយសមត្ថភាពទៀតផង។
គ្រូបង្វឹកបាល់ទះផ្នែកនារីរបស់ក្រុមបាល់ទះស្នងការ លោក គុណ ប៊ុនសាន បានឲ្យដឹងថា ពីមុនមិនមានកីឡាការិនីបាល់ទះច្រើន ឬសំបូរអ្នកហ្វឹកហាត់ដូចជំនាន់ឥលូវនេះទេ។ ការហ្វឹកហាត់ និងការប្រកួតផ្សេងៗភាគច្រើនគឺមានតែផ្នែកបុរសប៉ុណ្ណោះ។
អតីតលីប្រូរបស់វិសាខាខាងលើបន្តទៀតថា ឥលូវនេះខុសពីជំនាន់មុនដាច់ ព្រោះមានសិស្សនារីៗតាមសាលាឯកជនចូលហ្វឹកហាត់បាល់ទះនេះច្រើន។ អ្នកទាំងនោះហ្វឹកហាត់ដោយទឹកចិត្តស្រឡាញ់ហើយថែមទាំងមានសមត្ថភាពល្អទៀតផង។ ចំណែកកម្ពស់វិញក៏មានកីឡាការិនីខ្លះដល់ទៅជាង ១.៧០Cm ក៏មានដែរ និងលេងបានល្អៗទៀត។ លោកសង្ឃឹមថានៅថ្ងៃខាងមុខសហព័ន្ធនឹងបង្កើតជាលីគបាល់ទះនារីៗឡើងដើម្បីឲ្យមានធនធាននារីដូចផ្នែកបុរសដែរ និងជាការផ្ដល់ឱកាសឲ្យបានបញ្ចេញសមត្ថភាព ឬមានធនធានចូលរួមប្រកួតប្រជែងដូចប្រទេសដទៃ។
លោកជឿជាក់ថាប្រសិនបើបង្កើតឲ្យមានលីគនេះមែននោះនឹងមានការចូលរួមប្រកួតប្រជែងគ្នាច្រើន និងអាចស្វែងរកនូវកីឡាការិនីល្អៗជាមិនខានឡើយ។ នេះជាក្ដីបំណងមួយរបស់គ្រូបង្វឹកដែលកំពុងបណ្ដុះធនធានថ្នាលជាច្រើននាពេលបច្ចុប្បន្ននេះ។
បញ្ជាក់ដែរថា បច្ចុប្បន្ននេះវិស័យបាល់ទះមានភាពរីកចម្រើនខ្លាំង សន្ទុះការគាំទ្រ និងហ្វឹកហាត់លេងបែបសុខភាពក៏មានច្រើនផងដែរ។ តាមសាលាឯកជនជាច្រើនពិសេសនៅរាជធានីភ្នំពេញបានបង្កើតឲ្យមានជាការហ្វឹកហាត់បាល់ទះបែបសុខភាពនេះជាច្រើនរៀងរាល់ចុងសប្ដាហ៍។ យ៉ាងណាសហព័ន្ធកីឡាបាល់ទះកម្ពុជានៅមិនទាន់មានជាការប្រកួតលីគ ឬពានរង្វាន់ផ្នែកនារីជាប្រចាំឲ្យដូចផ្នែកបុរសនៅឡើយទេ។ ផ្នែកបុរសបច្ចុប្បន្ននេះមានការប្រកួតតេជោលីគ ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម និងពានរង្វាន់មួយចំនួនទៀត៕
ប្រភព៖ KAMPUCHEATHMEY



