កីឡាករថ្នាល Iago Silva កូនប្រុស Thiago Silva អតីតខ្សែការពារក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តជ្រើសចូលរួមក្រុមអាយុក្រោម ១៥ឆ្នាំ U15 របស់អង់គ្លេស បើទោះឪពុករបស់គេបង្ហាញខ្លួនឱ្យប្រេស៊ីល ១១៣លើក។ នៅពេលអនាគតកូនប្រុសរបស់សមាជិកក្រុម Fluminense ក៏នឹងអាចចូលលេងនៅក្រុមឈុតធំអង់គ្លេសផងដែរ។
យុវជន Iago Silva ត្រូវបានក្រុមអង់គ្លេសអាយុក្រោម ១៥ឆ្នាំ កោះហៅឱ្យចូលរួមក្រុម ក្រោយការដឹកនាំរបស់លោក Kevin Betsy។ មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់ខ្សែការពារវ័យ ៤១ឆ្នាំ បានសម្រេចចិត្តតាមបំណងខ្លួន ខុសពីឪពុកខ្លួន ដែលតែងតែបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ អតីតខ្សែការពារក្រុម Chelsea ក៏ជាវីរបុសមួយរូបប្រចាំក្រុមស្ថិតនៅលីគកំពូលអង់គ្លេសនេះផងដែរ ហើយបច្ចុប្បន្នគេក៏កំពុងបន្តអាជីពបាល់ទាត់នៅក្លិប Fluminense ទោះមានវ័យជ្រេទៅហើយក៏ដោយ។
កីឡាករខ្សែការពារជើងចាស់ ធ្លាប់លេងឱ្យក្លិបជាច្រើនរួមមាន Chelsea, Paris Saint Germain, AC Milan ហើយពិសេសនោះគឺការបង្ហាញខ្លួន ១១៣លើក នៅក្រុមជម្រើសជាតិប្រេស៊ីល។ Thiago Silva ក្លាយជាប្រធានក្រុមប្រេស៊ីល ២លើក ចំណោមការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ចំនួន ៤លើក ពេលកន្លងមក។ បើទោះបីជាមានបទពិសោធន៍ក្រាសក្រែល និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាកីឡាករប្រេស៊ីល ប៉ុន្តែកូនប្រុសរបស់គេ បែរជាមិនដើរតាមគន្លងឪពុក។
នៅពេលនេះ Iago ដែលជាកូនប្រុសពៅក្នុងក្រុមគ្រួសារ កំពុងចាប់ផ្តើមអាជីពបាល់ទាត់ ហើយក៏នឹងអាចបង្ហាញខ្លួននៅក្រុមជម្រើសជាតិដទៃ ក្រៅពីប្រេស៊ីល។ ពេលថ្មីៗនេះ យុវជនថ្នាលវ័យ ១៤ឆ្នាំ បានបង្ហោះរូបភាពលើកបណ្តាញសង្គម បង្ហាញពីសកម្មភាពរូបគេ ស្ថិតនៅទីតាំងហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេស St George’s Park។ ការបង្ហោះនោះទៀតសោត គេថែមទាំងបានសរសេរសារភ្ជាប់ ដោយបញ្ជាក់ថាគេត្រូវបានក្រុមអង់គ្លេសអាយុក្រោម ១៥ឆ្នាំ កោះហៅចូលរួមក្រុមលើកដំបូង។
តាមពិតទៅ កីឡាករវ័យ ១៤ឆ្នាំ បានកើតនៅលើទឹកដីប្រេស៊ីល ប៉ុន្តែគេបានផ្លាស់ទៅរស់នៅទឹកដីអង់គ្លេសរយៈពេល ៥ឆ្នាំចុងក្រោយ ដោយគិតចាប់តាំងពីពេលដែលឪពុករបស់គេ បានផ្លាស់ទៅលេងក្លិប Chelsea តាំងពីឆ្នាំ ២០២០។
អំឡុងពេល Silva លេងនៅក្លិបតោខៀវ ហើយជួយក្លិបប្រជែងបានពានរង្វាន់ UEFA Champions League នោះ កូនប្រុសរបស់គេ Iago ក៏បានចូលលេងឱ្យក្រុមយុវជនរបស់ក្លិប Chelsea ផងដែរ។ Iago ជាយុវជនក្លិប Chelsea អាយុក្រោម ១៥ឆ្នាំ ខណៈបងប្រុសរបស់គេ Isago Silva វ័យ ១៦ឆ្នាំ មានតួនាទីខ្សែការពារដូចឪពុក បានលេងនៅក្រុមអាយុក្រោម ១៨ឆ្នាំ ក្លិប Chelsea។
ដោយមើលឃើញពីកម្រិតសមត្ថភាព និងការអភិវឌ្ឍខ្លួនបានលឿនរហ័សរបស់ Iago ក្រុមអង់គ្លេសបានកោះហៅគេមកចូលរួម និងហ្វឹកហាត់មើលសមត្ថភាព។ បើទោះបីជាពេលនេះ ក្រុមអង់គ្លេសអាយុក្រោម ១៥ឆ្នាំ ពុំទាន់មានការប្រកួតអន្តរជាតិអ្វីនៅឡើយ។
រំលឹកកាលពេលឪពុកគេលេងឱ្យ Chelsea មុនចាកចេញពីក្រុមក្នុងឆ្នាំ ២០២៤ Iago Silva កាលពីពេលថ្មីនេះ ធ្លាប់ត្រូវបានចូលធ្វើជាក្មេងរើសបាល់ក្នុងការប្រកួតពានរង្វាន់ UEFA Champions League រវាងក្រុម Chelsea ទល់នឹងក្រុម SL Benfica។ លើសពីនេះ Iago ថែមទាំងត្រូវបានកោះហៅឱ្យចូលលេងនៅក្នុងក្រុមឈុតទី២ របស់ក្រុម Chelsea ផងដែរ។
បើទោះបីជាកូនប្រុសបានជ្រើសរើសយកក្រុមអង់គ្លេស ប៉ុន្តែខ្សែការពារ Thiago Silva ទំនងក៏មានមោទកភាពចំពោះកូនប្រុសរបស់គេផងដែរ។ នោះព្រោះថាកូនប្រុសខ្លួនបានដើរតាមដានជើងអាជីពរបស់ខ្លួន ក្នុងការអភិវឌ្ឍខ្លួនដើម្បីលេងនៅក្លិប Chelsea ដែលជាអតីតក្លិបដ៏ជោគជ័យមួយ។ កាលពីឆ្នាំ ២០២៣ ខ្សែការពារវ័យ ៤១ឆ្នាំ ធ្លាប់និយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនមានក្តីស្រមៃចង់ឃើញកូនលេងឱ្យក្លិប Chelsea៕
ប្រភព៖ THMEYTHMEY



