FIFA ដាក់លក់សំបុត្រ World Cup ១លានសន្លឹកបន្ថែម សម្រាប់អ្នកគាំទ្រម្ចាស់ផ្ទះ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបើកទទួលពាក្យសុំទិញសំបុត្រទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ចំនួន ១លានសន្លឹកបន្ថែមទៀត សម្រាប់តែពលរដ្ឋរបស់ប្រទេសម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៧ ខែតុលាតទៅ​។

FIFA បានបើកលក់សំបុត្រទស្សនាការប្រកួតបាល់ទាត់ពិភពលោក លើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក លើកទី២ បន្ទាប់ពីការលក់សំបុត្រលើកទីមួយ អស់ចំនួនជាង ១,៥លានសន្លឹករួចមក។ FIFA លក់សំបុត្រអស់ជាង ១,៥លានសន្លឹក សម្រាប់អ្នកគាំទ្រដែលបានដាក់ពាក្យទិញ មកពីចំនួន ២១០ប្រទេស ជុំវិញពិភពលោក ដោយប្រើពេលត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ កាលពីថ្ងៃទី១១ ខែកញ្ញា។

ការលក់សំបុត្រលើកទី២នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ដោយ FIFA បើកទទួលការដាក់ពាក្យពីពលរដ្ឋដែលមកពីប្រទេសធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត។ នៅថ្ងៃទី១២-១៥ ខែវិច្ឆិកា នឹងបើកលក់សម្រាប់អ្នកមានសំណាងពីការចាប់ឆ្នោតរបស់ FIFA ដើម្បីអនុញ្ញាតឱ្យពួកគេអាចទិញសំបុត្រការប្រកួត World Cup លើកទី២នេះបាន។ ពលរដ្ឋទាំងអស់នោះ មានសិទ្ធិត្រឹមតែទិញសំបុត្រទស្សនាការប្រកួតដែលនឹងមាននៅលើទឹកដីពួកគេរៀងៗខ្លួនប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា ពលរដ្ឋម្ចាស់ផ្ទះរៀបចំការប្រកួត មានសិទ្ធិទិញសំបុត្រតែ​ ១សន្លឹក ប៉ុណ្ណោះក្នុងម្នាក់ ហើយសម្រាប់តែការប្រកួតធ្វើឡើងក្នុងស្រុករបស់ពួកគេ។ ចំពោះការលក់សំបុត្រដំណាក់ទី២នេះ ពលរដ្ឋមកពីប្រទេសដទៃ តម្រូវឱ្យ​ដាក់ពាក្យ ដើម្បីចាប់ឆ្នោតទិញ​​សំបុត្រនេះដែរ។ 

បើតាមការលើកឡើងរបស់ប្រធានផ្នែកប្រតិបត្តិការលក់សំបុត្រ លោក Heimo Schirgi ស្ថាប័ន FIFA ទទួលបានការដាកពាក្យចាប់អារម្មណ៍ក្នុងការទិញសំបុត្រជាច្រើននៅជុំវិញពិភពលោក។ ពលរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក មានច្រើនជាងគេបង្អស់ក្នុងការបង្ហាញចំណាប់អារម្មណ៍នេះ។ បើតាម លោក Schirgi ភាគច្រើនពលរដ្ឋរបស់ម្ចាស់ផ្ទះបានដាក់ពាក្យទិញច្រើន ក៏ព្រោះតែពេលវេលានៃការលក់ គឺស្ថិតក្នុងល្វែងម៉ោងនៃប្រទេសពួកគេ បង្កការងាយស្រួលជាងពលរដ្ឋប្រទេសដទៃ។

មកដល់ពេលនេះ ពលរដ្ឋរបស់អាម៉េរិក កាណាដា និងម៉ិកស៊ិក បាននាំគ្នាដាក់ពាក្យទិញសំបុត្រច្រៀងជាងគេបង្អស់។ បន្ទាប់មកអ្នកគាំទ្រពីអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន និងបារាំង ជាចំណោមប្រទេសកំពូលទាំង ១០ ទិញសំបុត្រច្រើន។ 

បើតាម FIFA បន្ទាប់ពីការលក់សំបុត្រលើកទី២ ចាប់ពីថ្ងៃទី១២-១៥ វិច្ឆិកា បិទបញ្ចប់ទៅ អ្នកគាំទ្រនៅតែមានឱកាសទិញសំបុត្របន្ថែម នៅក្នុងដំណាក់បន្តបន្ទាប់ ដោយ FIFA នឹងបើកលក់សំបុត្របន្ថែម នៅថ្ងៃទី១៧ វិច្ឆិកា ​មួយថ្ងៃទៀត។ 

​គិតដល់ពេលនេះ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលបង្កើនចំនួនក្រុមរហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រ រកឃើញក្រុមចំនួន ២៨ ហើយ ដែលឈ្នះកៅអីស្វ័យប្រវត្តិ។

គូសបញ្ជាក់ថា ការលក់សំបុត្រនេះ គឺសម្រាប់តែអ្នកគាំទ្រ ដែលមានទិដ្ឋការធ្វើដំណើរ ទៅកាន់ប្រទេសសហម្ចាស់ផ្ទះទាំងបី តែប៉ុណ្ណោះ។ តម្លៃសំបុត្រវគ្គចែកពូល មានតម្លៃចាប់ផ្តើម ៦០ដុល្លារឡើងទៅ។ បើតាមការប្រកាសរបស់ FIFA នៅតាមវគ្គនីមួយៗ តម្លៃសំបុត្រនឹងកើនឡើងជាបន្តបន្ទាប់ ហើយជាពិសេសវគ្គផ្តាច់ព្រ័ត្រ អាចមានតម្លៃកើនដល់ ៦ ៧៣០ដុល្លារ ដែលតម្លៃនេះគឺឡើងចុះ ទៅតាមស្ថានភាព ជាក់ស្តែង។ សំបុត្រដែលមានតម្លៃថ្លៃ អាចកើនចេញពីការលក់សំបុត្របន្ត ពីអ្នកដែលបានទិញតាំងពីដំបូងមក សម្រាប់ជំនួបដែលមានវត្តមានគូសំខាន់ៗ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top