៤​ចំណុច​សំខាន់​ត្រូវ​ដឹង​​ពី​ពាន​រង្វាន់ FIFA ASEAN Cup ថ្មី​សន្លាង​នៅ​អាស៊ាន

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និង​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​សម្រេច​ជា​ផ្លូវ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ពាន​រង្វាន់ FIFA ASEAN Cup សម្រាប់ក្រុម​បាល់ទាត់​ជម្រើស​ជា​តិ​ទាំង ១១ ប្រទេស​ចូល​រួម​ប្រកួត។ នេះ​ជា​ពាន​រង្វាន់​លំដាប់​លំដាប់​កំពូល​ប្រចាំ​តំបន់​អាស៊ាន​មួយ​ទៀត បន្ទាប់​ពី​ពាន ASEAN Championship។

ព័ត៌មានលំអិតនៃពានរង្វាន់ FIFA ASEAN Cup នៅមិនទាន់បានចេញជាផ្លូវការឡើយ ប៉ុន្តែក៏មានព័ត៌មានមួយចំនួនបានបង្ហាញពីពានរង្វាន់នេះ។

  1. ដើមហេតុបង្កើតឲ្យមានពាន

អាស៊ាន និង FIFA បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយលោក កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន និងលោក Gianni Infantino ប្រធាន FIFA  ក្នុងកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ពានរង្វាន់ FIFA ASEAN Cup។

តាម​ពិត​ទៅ គំនិត​ផ្តួច​ផ្តើម​ពាន​រង្វាន់ FIFA ASEAN Cup នេះ​បាន​កើត​ឡើង​តាំង​ពីឆ្នាំ ២០១៩ នៅ​ពេល​លោក Infantino បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាស៊ាន​ដើម្បីជំរុញ​អភិវឌ្ឍ​កីឡា​បាល់ទាត់​នៅ​តំបន់​អាស៊ាន ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​សាលា​បាល់ទាត់​ និង​សកម្មភាព​បាល់ទាត់នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​នានា។

  • គោល​បំណង

FIFA នឹង​ធ្វើ​ការ​ជា​មួយ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC), សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF) និង សមាជិក​ទាំង ១១ ប្រទេស​​ដើម្បី​វិស័យ​បាល់ទាត់។

គោល​បំណង​សំខាន់​នៃ​ពាន​រង្វាន់ FIFA ASEAN Cup គឺ​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​​អាស៊ាន​ឲ្យ​រីក​ចម្រើន ជា​ក្រុម​ជម្រើស​ជាតិ​ទាំង ១១ ប្រទេស។ ការ​ប្រកួត​កម្រិត​ស្តង់ដាទាំង​កីឡាករ គ្រូ​បង្វឹក ហេដ្ឋារចនា​សម្ព័ន្ធ និង​អ្នក​គាំទ្រ ព្រម​ទាំង​ជំរុញ​ការ​រួប​រួម​សាមគ្គី​តាម​រយៈ​កីឡា។

លោក Infantino ​បាន​ថ្លែង​ថា ៖«ពាន​នេះ​នឹង​នាំ​ឲ្យ​ប្រទេស​អាស៊ាន​រួប​រួម​គ្នា និង​អនុញ្ញាត​ឲ្យ​កីឡាករ​ល្អ​ៗ​នៅ​អាស៊ាន​លេច​ធ្លោ​លើឆាក​អន្តរជាតិ»។

  • រូប​មន្ត​នៃ​ការ​ប្រកួត

ទម្រង់​នៃ​ការ​ប្រកួត​មិន​ទាន់​ត្រូវ​បាន​​សម្រេច​ជា​ផ្លូវ​ការ​ឡើយ ប៉ុន្តែ​បើ​យោង​តាម​ការ​ផ្សាយ​របស់ AP ថា ទម្រង់​ប្រកួត​ស្រដៀង​នឹង​ពាន​រង្វាន់ FIFA Arab Cup ដែរ។ ពាន​រង្វាន់ FIFA Arab Cup ​មាន​ប្រទេស​ចំនួន ២៣ ចូល​រួម​ប្រកួត។ ជុំ​ទី១ ក្រុម​ជម្រើស​ជាតិ​លំដាប់​កំពូល ផ្នែក​លើ FIFA World Ranking ចំនួន ៩ ឈរ​ចាំ​នៅវគ្គ​ចែក​ពូល ហើយ​ ១៤ ក្រុម​ត្រូវ​ប្រកួតជម្រុះដើម្បី​យក ៧ ក្រុម​ឡើង​ទៅ​​វគ្គ​ចែក​ពូល ចំនួន ១៦​ក្រុម។

ជុំ​ទី២ ក្រុម​ទាំង ១៦ ចុង​ក្រោយ ត្រូវ​បែង​ចែក​ជា​ពូល ដើម្បី​ប្រកួត​វគ្គ​សន្សំពិន្ទុ ហើយ​ក្រុម​លេខ១ និង លេខ​២ ឡើង​ទៅ វគ្គ ៨ ក្រុម ព្រម​ទាំង​មាន​ការ​ប្រកួត​បន្ត​បន្ទាប់​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ក៏​មាន​ការប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ដែរ។

ដូច្នេះ​ដែរ អាស៊ាន​មានសមាជិក​ចំនួន ១១ ប្រទេស ក្រុម​ជម្រើស​ជាតិ​ទាំង ១១​ អាច​​នឹង​មាន​ការ​ប្រកួត​ជម្រុះ​ មុន​ពេល​ឈាន​ដល់​វគ្គ​ចែក​ពូល។ ទោះ​បី​ជា​យ៉ាងណា ប្រសិន​បើ​ប្រើ​ទម្រង់​ប្រកួត​ជម្រុះ ​ដើម្បី​ឡើង​ទៅ​វគ្គ​ចែក​ពូល គឺ​មិន​ខុស​ពី​ពាន​រង្វាន់​លំដាប់​ទី១អាស៊ាន ASEAN Championship។ បែប​នេះ​ក៏​​អាច​នឹង​មាន​ទម្រង់​ផ្សេង​ដើម្បី​ការ​ប្រកួត​លក្ខណៈ​ពិសេស​ប្លែក និង​ខុស​គ្នា។

  • កាល​បរិច្ឆេទ​នៃ​ការ​​ប្រកួត

ការ​ប្រកួត​គ្រោង​រៀបចំ​នៅ​​ថ្ងៃ FIFA Day ដែល​ជា​​កាល​បរិច្ឆេទ​ប្រកួត​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ និង​​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​​កីឡាករ​នៅ​លីគ​ទូទាំង​ពិភព​លោក។ លោក Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​បាន​លើក​ឡើង​ថា ពាន​រង្វាន់​នេះ​រៀបចំ​នៅ​ថ្ងៃ FIFA Day ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​មក​ពី​លីគ​ទូទាំង​ពិភព​លោក​​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top