ព្រះខ័នរាជស្វាយរៀង និង​ ភ្នំពេញ​ក្រោន រួម​ដៃគ្នា​ ធ្វើឱ្យចំណាត់ថ្នាក់ កម្ពុជា ឡើងលើ ឥណ្ឌូណេស៊ី ជា​ថ្មី

តារាងចំណាត់ថ្នាក់របស់ក្លិប កម្ពុជា ក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត បានប្រែប្រួល ដោយ​បាន​ហក់ឡើងមកលើ ឥណ្ឌូណេស៊ី វិញ បន្ទាប់ពី ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈ្នះដូចគ្នានៅក្នុងការប្រកួតពាន AFC Challenge League កាលពីថ្ងៃ ពុធ ទី ២៩ ខែ តុលា ឆ្នាំ ២០២៥ ។ នេះបើយោងតាម Footy Rankings។

ក្រុម ភ្នំពេញក្រោន បានយកឈ្នះលើក្រុមមកពី មីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋាន Idomilk Arena ក្នុងប្រទេស ឥណ្ឌូណេស៊ី ដែលជាការប្រកួតក្នុងពូល E ពាន AFC Challenge League។ ដោយឡែក ក្រុម ព្រះខ័នរាជស្វាយរៀង វិញ បានយកឈ្នះក្រុមមកពី ឡាវ Ezra FC ក្នុងលទ្ធផល ៣-០ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាការប្រកួតក្នុងពូល D ពាន ACGL ដូចគ្នា។

 

តាមរយៈជ័យជម្នះរបស់ក្រុមទាំង ២ បានធ្វើឱ្យតារាងចំណាត់ថ្នាក់ក្លិប កម្ពុជា ពេលនេះមានការប្រែប្រួលនៅក្នុងតារាង AFC សម្រាប់តំបន់ អាស៊ីខាងកើត ដោយហក់ឡើងមកឈរលើប្រទេស ឥណ្ឌូណេស៊ី វិញ។ កម្ពុជា បានប្រែប្រួល ១ ចំណាត់ថ្នាក់ ពីលេខ ១១ ឡើងមកលេខ ១០។ ចំណែក ឥណ្ឌូណេស៊ី ធ្លាក់ពីលេខ ១០ ទៅលេខ ១១ វិញ។

យ៉ាងណា នេះគ្រាន់តែជាបច្ចុប្បន្នភាពចំណាត់ថ្នាក់បណ្តោះអាសន្នប៉ុណ្ណោះ ដោយចំណាត់ថ្នាក់នេះនឹងអាចប្រែប្រួលនៅពេលខាងមុខគ្រប់ពេល ពោលគឺអាស្រ័យលើលទ្ធផលប្រកួតរបស់ក្រុម ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។ ប្រការនេះមានន័យ ថា បើក្រុមទាំង ២ ធ្វើបានលទ្ធផលល្អ នោះចំណាត់ថ្នាក់ កម្ពុជា នឹងអាចរក្សានៅលេខ ១០ នេះ ឬអាចឡើងខ្ពស់ជាងហ្នឹងបន្តទៀត ប៉ុន្តែបើលទ្ធផលមិនបានល្អទេ នោះនឹងអាចធ្លាក់ចំណាត់ថ្នាក់វិញ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top