Liverpool រងបរាជ័យក្រោមថ្វីជើង Crystal Palace ជាលើកទីបី នៅដើមរដូវកាល ២០២៤-២៥ បន្ទាប់ពីចាញ់ ការប្រកួតពានរង្វាន់ EFL Cup ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield រាត្រីថ្ងៃទី២៩ ខែតុលា។ ចំណែកក្រុមការពារតំណែងជើងឯក Newcastle United បានទម្លាក់ Tottenham Hotspur លទ្ធផល ២-០ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ។
អំឡុងជួបតទល់នឹងក្រុម Crystal Palace លោក Arne Slot អ្នកចាត់ក្រុម Liverpool បានដាក់កីឡាករសំខាន់ៗជាច្រើនឱ្យអង្គុយនៅកៅអីបម្រុង ក្រោមហេតុផលផ្តល់ឱកាសដល់ពួកគេសម្រាកសន្សំកម្លាំង ក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនទាំងនៅលីគកំពូលអង់គ្លេស និងពានរង្វាន់កម្រិតអឺរ៉ុប។ ការណ៍នេះហើយ បណ្តាល ក្រុមរហស្សនាមហង្សក្រហម ជួបបរាជ័យលើកទី៦ ជាប់ៗគ្នា នៅក្នុងចំណោមការប្រកួត ៧លើកចុងក្រោយរបស់ពួកគេ ដើមរដូវកាលថ្មីនេះ។
កីឡាករបម្រើប្រយុទ្ធ Ismaila Sarr ស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯកនាទី៤១ និង៤៥ មុនពេលមិត្តរួមក្រុមជាដៃគូ Yeremy Pino បន្ថែមគ្រាប់បាល់ទី៣ នាទី៨៨ ដើម្បីយកជ័យជម្នះឱ្យ Crystal Palace។ ជាលទ្ធផល Liverpool ក្រុមជើងខ្លាំងប្រចាំ Premier League រដូវកាលមុន បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ត្រឹមជុំទី៤។
រឿងនេះបានក្លាយជាកំណត់ត្រាអាក្រក់ថ្មីមួយសម្រាប់ក្រុមលោក Slot ដោយពួកគេចាញ់ការប្រកួតពានរង្វាន់ក្នុងស្រុក ដល់ក្នុងទឹកដីកីឡដ្ឋាន Anfield ជាមួយនឹងលទ្ធផល ៣-០ គិតចាប់តាំងពីឆ្នាំ ១៩៣៤ មក។ កាល ៩១ឆ្នាំមុន Liverpool ធ្លាប់ចាញ់ក្រុម Bolton លទ្ធផល ៣-០ ធ្លាក់ចេញពីពានរង្វាន់ FA Cup។
លោក Slot ខឹងសម្បា និងស្តីបន្ទោសកូនក្រុម ដែលបន្តជួបលទ្ធផលចាញ់ការប្រកួតជាប់ៗគ្នា។ បុរសសញ្ជាតិហូឡង់ក៏សង្កត់ធ្ងន់ ឱ្យកូនក្រុមត្រូវតែរកបានឱ្យជ័យជម្នះត្រឡប់មក រាល់ការប្រកួតដែលពួកគេលេងតំណាងឱ្យក្រុម Liverpool។
គិតចាប់តាំងពីបើករដូវកាលថ្មីមក Liverpool ចាញ់ក្រោមថ្វីជើង Crystal Palace ៣លើក រួចមកហើយ ដោយលើកដំបូងក្នុងជំនួបពានរង្វាន់បើករដូវកាល FA Community Shield។ លើកពីរ ចាញ់ក្នុងជំនួបក្របខណ្ឌ Premier League លទ្ធផល ២-១ និងទី៣ នៅ EFL Cup។
ដោយឡែក ក្រុមការពារតំណែងជើងឯក Newcastle United ព្យាយាមការពារកេរ្តិ៍ឈ្មោះខ្លួន ដោយបានផ្តួលក្រុម Tottenham Hotspur លទ្ធផល ២-០ ក្នុងទឹកដី St James’ Park។ Arsenal បានយកឈ្នះ Brighton & Hove Albion លទ្ធផល ២-០ ស្របពេល Manchester City បានវាយបកឈ្នះក្រុមមកពីលីគកម្រិតទី២ អង់គ្លេស Swansea City ៣-១ ដើម្បីវគ្គ៨ក្រុមចុងក្រោយ។
ចំណែកការប្រកួតដែលមានគ្រាប់បាល់កើតឡើងដល់ ៧គ្រាប់ ស្ថិតក្នុងកីឡដ្ឋាន Molineux ក្រុម Chelsea ផ្តួលក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers ទាំងត្រដាបត្រដួស ក្នុងលទ្ធផល ៤-៣ ក្នុងការត្រួសត្រាយផ្លូវដើម្បីទៅវគ្គបន្ទាប់៕
ប្រភព៖ THMEYTHMEY



