EFL Cup៖ Crystal Palace ទម្លាក់ Liverpool រីឯក្រុមការពារជើងឯក Newcastle កក់កៅអីវគ្គបន្ត

Liverpool រងបរាជ័យក្រោមថ្វីជើង Crystal Palace ជាលើកទីបី នៅដើមរដូវកាល ២០២៤-២៥ បន្ទាប់ពីចាញ់ ការប្រកួតពានរង្វាន់ EFL Cup ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield រាត្រីថ្ងៃទី២៩ ខែតុលា។ ចំណែកក្រុមការពារតំណែងជើងឯក Newcastle United បានទម្លាក់ Tottenham Hotspur លទ្ធផល ២-០ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ។

អំឡុងជួបតទល់នឹងក្រុម Crystal Palace លោក Arne Slot អ្នកចាត់ក្រុម Liverpool បានដាក់កីឡាករសំខាន់ៗជាច្រើនឱ្យអង្គុយនៅកៅអីបម្រុង ក្រោមហេតុផលផ្តល់ឱកាសដល់ពួកគេសម្រាកសន្សំកម្លាំង ក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនទាំងនៅលីគកំពូលអង់គ្លេស និងពានរង្វាន់កម្រិតអឺរ៉ុប។ ការណ៍នេះហើយ បណ្តាល ក្រុមរហស្សនាមហង្សក្រហម ជួបបរាជ័យលើកទី៦ ជាប់ៗគ្នា នៅក្នុងចំណោមការប្រកួត ៧លើកចុងក្រោយរបស់ពួកគេ ដើមរដូវកាលថ្មីនេះ។

កីឡាករបម្រើប្រយុទ្ធ Ismaila Sarr ស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯកនាទី៤១ និង៤៥ មុនពេលមិត្តរួមក្រុមជាដៃគូ Yeremy Pino បន្ថែមគ្រាប់បាល់ទី៣ នាទី៨៨​ ដើម្បីយកជ័យជម្នះឱ្យ Crystal Palace។ ជាលទ្ធផល Liverpool ក្រុមជើងខ្លាំងប្រចាំ Premier League រដូវកាលមុន បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ត្រឹមជុំទី៤។

រឿងនេះបានក្លាយជាកំណត់ត្រាអាក្រក់ថ្មីមួយសម្រាប់ក្រុមលោក Slot ដោយពួកគេចាញ់ការប្រកួតពានរង្វាន់ក្នុងស្រុក ​ដល់ក្នុងទឹកដីកីឡដ្ឋាន Anfield ជាមួយនឹងលទ្ធផល ៣-០ គិតចាប់តាំងពីឆ្នាំ ១៩៣៤ មក។ កាល ៩១ឆ្នាំមុន Liverpool ធ្លាប់ចាញ់ក្រុម Bolton លទ្ធផល ៣-០ ធ្លាក់ចេញពីពានរង្វាន់ FA Cup។

លោក ​Slot ខឹងសម្បា និងស្តីបន្ទោសកូនក្រុម ដែលបន្តជួបលទ្ធផលចាញ់ការប្រកួតជាប់ៗគ្នា។ បុរសសញ្ជាតិហូឡង់ក៏សង្កត់ធ្ងន់ ឱ្យកូនក្រុមត្រូវតែរកបានឱ្យជ័យជម្នះត្រឡប់មក រាល់ការប្រកួតដែលពួកគេលេងតំណាងឱ្យក្រុម Liverpool។ 

គិតចាប់តាំងពីបើករដូវកាលថ្មីមក Liverpool ចាញ់ក្រោមថ្វីជើង Crystal Palace ៣លើក រួចមកហើយ ដោយលើកដំបូងក្នុងជំនួបពានរង្វាន់បើករដូវកាល FA Community Shield​។ លើកពីរ ចាញ់ក្នុងជំនួបក្របខណ្ឌ Premier League លទ្ធផល ២-១ និងទី៣ នៅ EFL Cup។

​ដោយឡែក ក្រុមការពារតំណែងជើងឯក Newcastle United ព្យាយាមការពារកេរ្តិ៍ឈ្មោះខ្លួន ដោយបានផ្តួលក្រុម Tottenham Hotspur លទ្ធផល ២-០ ក្នុងទឹកដី St James’ Park។ Arsenal បានយកឈ្នះ Brighton & Hove Albion លទ្ធផល ២-០ ស្របពេល Manchester City បានវាយបកឈ្នះក្រុមមកពីលីគកម្រិតទី២​ អង់គ្លេស Swansea City ៣-១ ដើម្បីវគ្គ៨ក្រុមចុងក្រោយ។

ចំណែកការប្រកួតដែលមានគ្រាប់បាល់កើតឡើងដល់ ៧គ្រាប់ ស្ថិតក្នុងកីឡដ្ឋាន Molineux ក្រុម Chelsea ផ្តួលក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers ទាំងត្រដាបត្រដួស ក្នុងលទ្ធផល ៤-៣ ក្នុងការត្រួសត្រាយផ្លូវដើម្បីទៅវគ្គបន្ទាប់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top