ក្លិបយក្ស អេស្ប៉ាញ មួយបានបញ្ចូលឈ្មោះជើងស៊ុត Osimhen ក្នុងបញ្ជីនាំចូលរបស់ពួកគេឆ្នាំក្រោយ

ក្លិបអ្នកមានបុណ្យ FC Barcelona បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ក្រុម Galatasaray កីឡាករ Victor Osimhen ជាគោលដៅនាំចូលរបស់ពួកគេនៅឆ្នាំក្រោយ ២០២៦។

យោងតាមប្រភពពីសារព័ត៌មាន អេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា Barcelona បានកំណត់គោលដៅរបស់ពួកគេលើ Osimhen ហើយកំពុងពិចារណាចុះកិច្ចសន្យាលើអតីតខ្សែប្រយុទ្ធក្រុម Napoli រូបនេះនៅរដូវក្តៅក្រោយ។

 

ប្រភពដដែលបានបន្ត ថា ក្លិបម្ចាស់ជើងឯកលីគកំពូល អេស្ប៉ាញ La Liga បានរៀបចំផែនការ ដើម្បីនាំចូលខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់នៅរដូវកាលក្រោយ ២០២៦-២០២៧ ក្នុងគោលបំណងមកជំនួសខ្សែប្រយុទ្ធបច្ចុប្បន្ន Robert Lewandowski ដែលនឹងអស់សុពលភាពកិច្ចសន្យាជាមួយក្រុមនៅចុងបញ្ចប់រដូវកាលនេះ។

Osimhen គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោម្នាក់ អំឡុងពេលលេងនៅ Napoli និងនៅ Galatasaray ដែលជាក្លិបបច្ចុប្បន្ន។ កាលពីរដូវកាលមុន ២០២៤-២០២៥ កីឡាករសញ្ជាតិ នៅហ្ស៊េរីយ៉ា វ័យ ២៦ ឆ្នាំ បានស៊ុតបញ្ចូលទីចំនួន ៣៧ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៤១ ប្រកួតជាមួយក្រុមជើងឯកលីគ តួកគី ក្នុងលក្ខខណ្ឌខ្ចីជើង។ ក្រោយបង្ហាញសមត្ថភាពដ៏ល្អបែបនេះ បានធ្វើឱ្យក្លិប Galatasaray សម្រេចចិត្តទិញផ្តាច់រូបគេពី Napoli នៅរដូវកាលនេះតែម្តង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top