កូនប្រុសច្បងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កីឡាករយុវជនវ័យ ១៥ឆ្នាំ Cristiano Ronaldo Jr បានបង្ហាញខ្លួនលើកដំបូង នៅក្នុងក្រុមព័រទុយហ្កាល់ អាយុក្រោម ១៦ឆ្នាំ។ ការបង្ហាញខ្លួនរបស់គេ ស្ថិតនៅក្នុងការប្រកួត ដែលក្រុមបានយកឈ្នះក្រុមម្ចាស់ ផ្ទះតួកគីអាយុក្រោម ១៦ឆ្នាំ លទ្ធផល ២-០ ក្នុងពានរង្វាន់ Federation Cup។
Ronaldo Jr កំពុងដើរតាមដានជើងឪពុករបស់គេ ដែលជាកីឡាករមានវ័យ ៤០ឆ្នាំ ប្រកប អាជីពលេងក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត និងជាកីឡាករកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យបាល់ទាត់អស់ពេលជាង ២ទសវត្សរ៍មកនេះ ក្នុងនាមជាកីឡាករបាល់ទាត់។
កីឡាករវ័យ ១៥ឆ្នាំ បានបង្ហាញខ្លួនលើកដំបូង ជាមួយព័រទុយហ្កាល់អាយុក្រោម ១៦ឆ្នាំ ស្របពេលមិត្តរួមក្រុមរបស់គេ ២នាក់ រួមគ្នាស៊ុតបាល់បញ្ចូលទីម្នាក់ ១គ្រាប់ រួមមានកីឡាករ Samuel Tavares និង Rafael Cabral យកជ័យជម្នះដល់ក្រុម។ Ronaldo Jr បានត្រឹមតែផ្លាស់ប្តូរចូលចុងម៉ោង ហៀបចប់ការប្រកួតប៉ុណ្ណោះ។ កូនប្រុស Ronaldo អតីតកីឡាករក្រុម Real Madrid មានតួនាទីជាខ្សែប្រយុទ្ធដូចឪពុករបស់គេដែរ។
បច្ចុប្បន្ន គេមិនត្រឹមតែលេងនៅក្រុមព័រទុយហ្កាល់ អាយុក្រោម១៦ឆ្នាំ ប៉ុណ្ណោះទេ គេក៏ស្ថិតក្នុងនាមជាកីឡាករយុវជនក្លិប Al Nassr ថែមទៀត ជាកន្លែងឪពុករបស់គេកំពុងប្រកពអាជីពដូចគ្នា។
ព័រទុយហ្កាល់អាយុក្រោម ១៦ឆ្នាំ បានយកឈ្នះម្ចាស់ផ្ទះតួកគី ដែលជាការប្រកួតលើកទីមួយ ចំណោម ៣ប្រកួត របស់ពួកគេក្នុងដំណើរការប្រកួតពានរង្វាន់ Federation Cup លើទឹកដីតួកគី។ ការប្រកួតបន្ទាប់ ពួកគេនឹងត្រូវបន្តទៅប៉ះក្រុមវែសល៍ អាយុក្រោម ១៦ឆ្នាំ និងនៅការប្រកួតចុងក្រោយ គឺប៉ះអង់គ្លេស។
រំលឹកកាលពីដើមឆ្នាំ កីឡាករវ័យ ១៥ឆ្នាំ ក៏ធ្លាប់បានបង្ហាញខ្លួន លេងឱ្យក្រុមព័រទុយហ្កាល់ អាយុក្រោម ១៥ឆ្នាំ នៅការប្រកួតពានរង្វាន់មួយ នៅប្រទេសក្រូអាស៊ី។ Ronaldo Jr បានចូលលេងការប្រកួតនៅទីនោះ ហើយបង្ហាញទម្រង់លេងយ៉ាងល្អរបស់គេ ព្រមទាំងការស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួត ជួយក្រុមឈ្នះរង្វាន់ថែមទៀតផងដែរ។
ស្របពេលកូនប្រុសកំពុងតែដើរតាមគន្លងខ្លួនបែបនេះ តារាបាល់ទាត់ប្រធានក្រុមជម្រើស ជាតិព័រទុយហ្កាល់ បច្ចុប្បន្ន ក៏កំពុងតែព្យាយាមក្នុងការបំបែកកំណត់ត្រា ជាកីឡាករបាល់ ទាត់រកបាន ១ ០០០គ្រាប់ ក្នុងអាជីព។ បច្ចុប្បន្នបុរសវ័យ ៤០ និងជាម្ចាស់ពាន Ballon d’Or ៥សម័យ រកបានគ្រាប់ទី ៩៥០ ហើយ។ បច្ចុប្បន្ន រូបគេក៏កំពុងតែបង្ហាញខ្លួនបានល្អ អមដោយការស៊ុតបាល់បញ្ចូលទីជារឿយៗ នៅការប្រកួត ៧លើកចុងក្រោយមកនេះ។
សម្រាប់ Ronaldo ទម្រាំតែដើរដល់ចំណុចកំពូលនៃអាជីពបែបនេះ គេក៏ធ្លាប់បានបង្ហាញ ខ្លួនលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ គ្រប់កម្រិតផងដែរ។ នៅពេលគេប្រែជាកីឡាករ អាជីពពេញសិទ្ធិលេងនៅក្លិប Sporting CP រួចមក ត្រូវក្រុមជម្រើសជាតិព័រទុយហ្កាល់ កោះហៅតែម្តង ហើយវាបានជួយជំរុញគេ ឱ្យរកឃើញភាពជោគជ័យមកដល់ពេលនេះ។
កន្លងមក អតីតកីឡាករក្រុម Man Utd ធ្លាប់និយាយបែបលេងសើចថា គេនឹងមិនចូលនិវត្តន៍ ពីអាជីពបាល់ទាត់ឡើយ ដរាបណា គេអាចចូលលេងការប្រកួតដែលមានវត្តមាន Ronaldo Jr ជាកូន ស្ថិតនៅលើទីលាននោះដែរ។ ទោះបីមនុស្សជាច្រើនគិតថា Ronaldo ប្រហែលជានិយាយលេងសើច ប៉ុន្តែបើមើលតាមការវិវឌ្ឍខ្លួន របស់ Ronaldo Jr សបង្ហាញ ឱ្យឃើញថា គេកំពុងខិតខំប្រឹងប្រែងខ្លាំង ក្នុងអាជីពបាល់ទាត់នេះ។
ម្យ៉ាងវិញទៀត កិច្ចសន្យារបស់បុរសវ័យ ៤០ឆ្នាំ នៅក្លិប Al Nassr មានរហូតដល់ឆ្នាំ២០២៧ ឯណោះ។ ពេលនោះ Ronaldo Jr នឹងមានវ័យ ១៧ឆ្នាំ ដែលជាវ័យអាចឱ្យរូបគេអាចចូលលេងក្នុងកម្រិតបាល់ទាត់អាជីពបានហើយ។ រឿងនេះ ស្រដៀងទៅនឹងយុវជន Lamine Yamal បង្ហាញខ្លួនដំបូងក្នុងវ័យ ១៧ឆ្នាំ និងកំពូលខ្សែប្រយុទ្ធ Lionel Messi ដែលចូលលេងឱ្យ Barca នៅវ័យ ១៧ឆ្នាំដូចគ្នា៕
ប្រភព៖ THMEYTHMEY



