(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្រុមតំណាងកម្ពុជាទី២ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League(ACGL) 2025/26 ក្រោយវាយបកឈ្នះក្រុម Tainana City ដោយលទ្ធផល ៣-២ ក្នុងជំនួបបញ្ចប់ពូលE នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅប្រទេសឥណ្ឌូនេស៊ី។
ជំនួបកាត់សេចក្ដីរវាងក្រុមទាំងពីរ កីឡាករ Facun Do Aranda បានរកគ្រាប់បាល់នាំមុខឲ្យក្រុមឆាយនីសតៃប៉ិ Tainana City ១គ្រាប់មុន នៅនាទី១៣ មុនកីឡាករ Moses Dyer វាយបកគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន នៅនាទី២៧ ខណៈក្រោយចាប់ផ្ដើមវគ្គទី១ ប្រមាណ ១នាទី ខ្សែប្រយុទ្ធសញ្ញជាតិនូវែលសេឡង់រូបនេះ បានបន្ថែម ១គ្រាប់ទៀត មុនមិត្តរួមក្រុមកីឡាករ យ៉ែម ដេវីត ដែលរកបានគ្រាប់ទី៣ ឲ្យភ្នំពេញក្រោន នៅនាទី៥៧ ។ រីឯក្រុម Tainana City ក៏បានព្យាយាមវាយបកផងដែរ តែរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Jhon Benchy នៅនាទី៦៦។
ការវាយបកយកឈ្នះ ៣-២ នេះ បានធ្វើឲ្យក្រុមភ្នំពេញក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៧ពិន្ទុ ដើម្បីកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូលE ជាមួយលទ្ធផលមិនស្គាល់ចាញ់ ពោលគឺ ៣ប្រកួតឈ្នះ ២ និងស្មើ ១។ ប៉ុន្ដែតំណែងកំពូលតារាងនេះ ត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយ រវាងក្រុមម្ចាស់ផ្ទះ Dewa United របស់ឥណ្ឌូនេស៊ី និងក្រុម Shan United របស់មីយ៉ាន់ម៉ា ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧យប់នេះ៕
ប្រភព៖ FRESHNEWS



