(បរទេស)៖ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាខួប ១ឆ្នាំនៃការចូលកាន់តំណែងអ្នកចាត់ការទូទៅរបស់លោក Ruben Amorim ក្នុងក្លឹបបិសាចក្រហម Manchester United តពីលោក Erik ten Hag ដែលត្រូវបានដកតួនាទី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
តើបុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៤០ឆ្នាំរូបនេះបានសម្រេចអ្វីខ្លះហើយនៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេល ១២ខែពេញមកនេះ នៅទឹកដីអង់គ្លេស?
លោក Amorim បានដឹកនាំ Man Utd ឈ្នះចំនួន ២២លើក និងស្ថិតិចាញ់មាន ២១លើកទៀតផង ជាមួយទម្រង់លេង ៣-៤-២-១ នៅពេលក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលមុន មិនទទួលបានកៅអីណាមួយលេងពានអឺរ៉ុបនារដូវកាលនេះឡើយ។
អ្នកចាត់ការដែលបានលាឈប់ពី Sporting Lisbon ដើម្បីមកដឹកនាំបិសាចក្រហម នឹងដឹកនាំក្រុមទៅប៉ះម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃសៅរ៍នេះ ប្រចាំសប្តាហ៍ទី១០ ជើងទី១ នាថ្ងៃគម្រប់ខួប ១ឆ្នាំគត់របស់លោក Amorim ជាមួយ Man Utd។
ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នារួចមក Man Utd បានរំកិលមកកាន់លេខរៀងទី៦ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្នវិញ ឈរពីលើ Forest, West Ham និង Wolves ដែលកំពុងស្ថិតនៅក្នុងតំបន់កាត់ចោល។
ជាពិសេសប្រសិនបើពួកគេអាចយកបាន ៣ពិន្ទុចេញពីកីឡដ្ឋាន City Ground នៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកានេះ Man Utd នឹងឡើងទៅកាន់លេខ២ វិញក្បែរកាំភ្លើងធំ Arsenal៕
ប្រភព៖ FRESHNEWS



