(ម៉ូនិច)៖ Bayern Munich បានបន្លាយកំណត់ត្រាឈ្នះកើនដល់ ១៥ប្រកួតជាប់ៗគ្នានៅដើមរដូវកាល ២០២៥-២៦ បន្ទាប់ពីលត់គូប្រជែង Bayer Leverkusen ៣ទល់នឹង០ នាយប់មិញក្នុងក្របខណ្ឌលីគកំពូល Bundesliga របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ម្ចាស់ការពារតំណែងជើងឯកលីគមួយនេះ ពុំទាន់ចាញ់ និងស្មើណាមួយឡើយសម្រាប់រដូវកាលថ្មី ស្ថិតក្រោមការដឹកនាំនៃរដូវកាលទី២ ផងដែររបស់អ្នកចាត់ការសញ្ជាតិប៊ែលហ្សិក លោក Vincent Kompany ដែល ទើបបន្តកិច្ចសន្យាថ្មីដឹកនាំដល់ឆ្នាំ២០២៩។
៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich វាជាជ័យជម្នះលើកទី៩ ជាប់ៗគ្នាតែម្តង និង បាន នាំមុខដាច់កំពូលតារាង Bundesliga ៥ពិន្ទុទៀតផងពីក្រុមលេខ២ RB Leipzig។
ខ្សែបម្រើកណ្តាលសញ្ជាតិអាល្លឺម៉ង់ Serge Gnabry ដែលបានបង្ហាញខ្លួនលើកទី២៥០ នៅ Bundesliga ធ្វើបានគ្រាប់បាល់បើកឆាកនៅនាទី២៥ ទាត់ផុតដៃអ្នកចាំទី Mark Flekken របស់ Leverkusen មុនពេល ៦នាទីបន្ទាប់ Nicolas Jackson រកបានគ្រាប់ដំបូងក្នុងលីគសម្រាប់ Bayern គិតចាប់តាំងផ្ទេរជាលក្ខណៈខ្ចីជើងពីក្លឹបតោខៀវ Chelsea នារដូវក្តៅនេះ និងគ្រាប់ទី៣ ជាការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Loic Bade បិទបញ្ចប់ ៣៧ប្រកួតមិនចាញ់ក្រៅដីរបស់ Leverkusen ត្រឹមពេលនេះតែម្តង៕
ប្រភព៖ FRESHNEWS



