លោក McConkey ថា បើមិន​ជួប​ ភ្នំពេញ​ក្រោន​ វគ្គ ៨ ក្រុម នឹងចំណេញច្រើនសម្រាប់ កម្ពុជា

គ្រូបង្គោលក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ចាត់​ទុក​ការជួបក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League គឺ​មិន​សូវ​ចំណេញ​ច្រើន​សម្រាប់ចំណាត់ថ្នាក់​ក្លិប​លីគ​បាល់ទាត់​កំពូលកម្ពុជា ក្នុងចំណាត់​ថ្នាក់​អាស៊ី AFC។

ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាលនេះ បន្ទាប់ពីពួកគេឈរនៅលេខ ១ ក្នុងពូល D ក្រោយថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានស្មើគ្នា ២-២ ទល់នឹងក្រុម Manila Digger FC នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ ភ្នំពេញក្រោន ឈរនៅលេខ ២ ក្នុងពូល E។

ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Manila Digger FC លោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរ ថា តើវាជារឿងល្អប្រសើរសម្រាប់ក្រុមលោកទេ ដែលត្រូវជួប ភ្នំពេញក្រោន នៅវគ្គបន្ត? ភ្លាមនោះគ្រូបង្វឹកសញ្ជាតិ អៀរឡង់ បានមានប្រសាសន៍ ថា៖ «ជាថ្មីម្តងទៀត ដូចខ្ញុំបាននិយាយពីមុនមកហើយ វាមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។ ដូច្នេះយើងពិតជាមិនបានគិតច្រើនអំពីវានោះទេ។ ជាក់ស្តែង យើងស្គាល់ពួកគេច្បាស់។ យើងបានលេងទល់ពួកគេ ២ ដងហើយ នៅដើមរដូវកាលនេះ។ ការប្រកួត គឺតឹងតែងទាំង ២ ប្រកួត»

 

លោក McConkey បានបន្តទៀត ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​ល្អប្រសើរ​សម្រាប់​កម្ពុជា បើ​យើង​មិន​ជួបគ្នា​ឯង​នៅ​ជុំ​បន្ទាប់ ព្រោះ​វា​ជា​ឱកាស​ល្អ​ជាងនេះ ​ក្នុង​ការដណ្តើម​ពិន្ទុ​សម្រាប់​ចំណាត់ថ្នាក់​លីគ (ក្នុង AFC)។ ខ្ញុំគិតថា វានឹងនៅតែជាការប្រកួត ដែលគួរឱ្យចាប់អារម្មណ៍។ ខ្ញុំ​មិន​ដឹង​ថា ពីមុនធ្លាប់មានប្រវត្តិច្រើនដងដែរឬទេ ដែល​​ក្រុម​កម្ពុជា​ ២ ​បាន​ជួប​ប្រកួតគ្នា​ជា​លក្ខណៈ​អន្តរជាតិបែបនេះ។ ប្រហែលជានេះជាលើកទីមួយ ខ្ញុំមិនដឹងទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ល្អ និង​ជា​ឱកាស​ល្អ​សម្រាប់​ប្រទេស»

តាមការលើកឡើងរបស់លោក McConkey គឺលោកមិនអាចគ្រប់គ្រងការប្រកួតនៅពេលអនាគត ថាត្រូវជួប ភ្នំពេញក្រោន ឬមិនជួបនៅវគ្គ ៨ ក្រុមពាន ACGL បាននោះទេ។ យ៉ាងណា ការជួប ភ្នំពេញក្រោន នឹងក្លាយជាការប្រកួតដ៏តឹងតែង ព្រោះលោកធ្លាប់ជួបពួកគេ ២ លើករួចមកហើយនៅដើមរដូវកាលនេះ។

លោកបានបន្ថែម ថា វានឹងក្លាយជារឿងប្រសើរជាងនេះ ប្រសិនបើក្រុមលោកមិនទាន់ជួប ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុម ព្រោះករណីបើក្រុមទាំង ២ ត្រូវជួបគូប្រជែង ដែលជាក្រុមផ្សេងរៀងៗខ្លួន នោះនឹងអាចជួយដណ្តើមពិន្ទុនៅក្នុងចំណាត់ថ្នាក់លីគ AFC បន្ថែមទៀត សម្រាប់ កម្ពុជា។

គួរបញ្ជាក់ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងធ្វើឡើង ២ ជើង ដោយជើងទី ១ ធ្វើនៅថ្ងៃទី ៥ ខែ មីនា និងជើងទី ២ ធ្វើនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top