Vieira ចាកចេញពីតួនាទីគ្រូបង្វឹក ចំពេល Genoa ឈរបាតតារាង Serie A ដោយមានតែ ៣ពិន្ទុ

(បរទេស)៖ Patrick Vieira អតីតកីឡាករនិម្មិតរូប Arsenal បានចុះចេញពីតំណែងគ្រូបង្វឹកក្លឹប Genoa ហើយ ក៏ព្រោះដឹកនាំលេងមិនឈ្នះសោះ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតមកនេះនៅក្របខណ្ឌ Serie A របស់អ៉ីតាលីនារដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិបារាំង វ័យ ៤៩ឆ្នាំរូបនេះ ដឹកនាំ Genoa ឈ្នះបានតែ ១០លើកប៉ុណ្ណោះ ក្នុងចំណោម ៣៧ប្រកួតសរុប គិតចាប់តាំងពីចូលកាន់តំណែងធំនេះអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។

សូមរំលឹកផងថា Vieira បានចូលដឹកនាំ Genoa ស្របពេលក្រុមមួយនេះ កំពុងស្ថិតនៅលេខរៀងទី១៧ នៅ Serie A នារដូវកាលមុនមកដែរ ដោយរកបានជ័យជម្នះ ៨លើក និងស្មើ ៩លើក ក្នុងចំណោម ២៦ប្រកួតដែលនៅសល់ រួមចំណែកជួយពួកគេគេចចេញពីតំបន់កាត់ចេញពីលីគទៀតផង។

យ៉ាងណាមិញ លោក Vieira អាចរកបានជ័យជម្នះតែ ២លើកគត់សម្រាប់រដូវកាលថ្មីនេះ នៅកម្មវិធី Coppa Italia និងបានរងបរាជ័យដល់ទៅ ៦លើក ក្នុងចំណោម ៩ប្រកួតចុងក្រោយ ដោយក្នុងនោះដែរបានចាញ់ ៥លើកពី ៦ប្រកួតនៅ Serie A។

កាលនៅជាកីឡាករ Vieira បានរួមចំណែកជួយមាន់គកបារាំង ឈ្នះជើងឯក World Cup 1998 និងពានអឺរ៉ុប Euro 2000 មុនពេលប្រកាសព្យួរស្បែកជើងនៅលើជញ្ជាំងក្នុងឆ្នាំ២០១១ និងក្លាយជាអ្នកចាត់ការទូទៅលើកដំបូង ក្នុងឆ្នាំ២០១៦ នៅក្លឹប New York City របស់សហរដ្ឋអាមេរិក៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top