ទីបំផុត West Ham រកជ័យជម្នះបានហើយ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Nuno

(បរទេស)៖ ក្រុមញញួរធំ West Ham United អាចរកជ័យជម្នះបានហើយ ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទៅថ្មី លោក Nuno Espirito Santo តាមរយៈវាយបកឈ្នះក្រុមសារិកាព្រៃ Newcastle United ដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ពួកគេបានបញ្ចប់កំណត់ត្រាលេងមិនឈ្នះសោះ ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Nuno ដែលបានចូលកាន់តំណែងធំនេះនាអំឡុងខែកញ្ញា ឆ្នាំ២០២៥។

ទោះជាយ៉ាងណា ៣ពិន្ទុនៅកីឡដ្ឋាន London របស់ខ្លួន ក៏ពួកគេស្ថិតនៅលេខរៀងទី១៨ នៅ Premier League ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួតមកនេះ តាមពីក្រោយ Burnley ដែលស្ថិតនៅតំបន់សុវត្ថិភាពលេខ១៧ បណ្តោះអាសន្ន ក៏ប៉ុន្តែបានឈរពីលើក្រុម Nottingham Forest និង Wolves។

ក្នុងជំនួបនោះដែរ Jacob Murphy ជាអ្នករកបានគ្រាប់នាំមុខ ក្រោយពេលចាប់ផ្តើមលេងបានតែ ៤នាទីប៉ុណ្ណោះ នៅពេល Lucas Paqueta រកបានគ្រាប់តាមស្មើមកវិញ នៅក្រៅប្រអប់ប៉េណាល់ទី។ ការប្រកួតបានឈានមកដល់ចុងម៉ោងនៃវគ្គទី១ ទើបខ្សែការពារ Sven Botman របស់ក្រុមភ្ញៀវ Newcastle បានធ្វេសប្រហែសចូលទីខ្លួនឯង ដែលជាការបើកផ្លូវឱ្យ West Ham មានឱកាសនាំមុខវិញ ហើយកីឡាករ Tomas Soucek ដែលបានដូរចូលរកបានគ្រាប់ទី៣ ចុងម៉ោង ដើម្បីធានា ៣ពិន្ទុតែម្តង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top