កីឡាករ-ការិនីកេនយ៉ា ប្រមូលជ័យលាភី ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិក្រុងញូវយ៉ក

​កីឡាករ និងកីឡាការិនីមកពីកេនយ៉ា ឡើងជាន់ក្តាជ័យលាភីមុនគេទាំងអស់ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងញូវយ៉ក ឆ្នាំ ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែវិច្ឆិកា។ កីឡាករ Benson Kipruto បញ្ចប់ទីមុនគេបង្អស់ ដោយប្រើថិរវេលា ២:០៨:០៩។ ចំណែកកីឡាការិនី Hellen Obiri ប្រើថិរវេលា ២:១៩:៥១ ដើម្បីដល់ទីមុនគេ។

កីឡាករ Kipruto បានរត់មកដល់ទីមុន កីឡាករ Alexander Mutiso ដោយលើសពេលត្រឹម ០:០:៣ បន្ទាប់ពីកីឡាករទាំង ២ បានរត់ប្រកៀកប្រកិតគ្នាខ្លាំងតាំងពីដើមទី រហូតដល់ទីផ្តាច់ព្រ័ត្រ។ កីឡាករ Albert Korir ម្ចាស់ជើងឯកម៉ារ៉ាតុងញូវយ៉ក ឆ្នាំ ២០២១ បញ្ចប់ចំណាត់ថ្នាក់លេខ ៣ ប្រើថិរវេលា ២:០៨:៥៧។

ជ័យជម្នះនៅព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងញូវយ៉ក​ ជាការឈ្នះជើងឯកលើកទី ៤ សម្រាប់កីឡាករវ័យ ៣៤ឆ្នាំ ។ កីឡាករកេនយ៉ារូបនេះ ធ្លាប់ឈ្នះការប្រណាំងនៅទីក្រុងតូក្យូ ឆ្នាំ ២០២៤, ទីក្រុងឈីកាហ្គោ ឆ្នាំ ២០២២ និងទីក្រុងបូស្តុន ឆ្នាំ ២០២១។

ចំណែកវិញ្ញាសានារី កីឡាការិនី Obiri ម្ចាស់មេដាយសំរិទ្ធព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក៏បានរត់ដល់ទីមុនគេដោយប្រើថិរវេលា ២:១៩:៥១ មុនកីឡាការិនី Sharon Lokedi ដោយលើសខ្វះគ្នា ១៦វិនាទីប៉ុណ្នោះ។។ កីឡាការិនីកេនយ៉ា Obiri វ័យ ៣៥ឆ្នាំ ក៏ឈ្នះការរត់ប្រណាំងម៉ារ៉ាតុង លើកទី៤ ក្នុងអាជីព បន្ទាប់ធ្លាប់ឈ្នះព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងបូស្តុន ឆ្នាំ ២០២៣ និង ២០២៤ ហើយទីក្រុងញូវយ៉ក ឆ្នាំ ២០២៣។

ចំណែកកីឡាការិនី Sheila Chepkirui ដែលជាជើងឯក កាលឆ្នាំ ២០២៤ បានត្រឹមបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ប្រើថិរវេលា ២:២០:២៤។

ចំណាត់ថ្នាក់ផ្នែកប្រណាំងរទេះរុញវិញ កីឡាករ Marcel Hug សញ្ជាតិស្វ៊ីស ធ្វើបានកំណត់ត្រាលើកទី៧ របស់ខ្លួន ដោយប្រើថិរវេលា ១:៣០​:១៦។ រីឯកីឡាការិនីអាម៉េរិក Susannah Scaroni ទទួលបានជ័យជម្នះផ្នែករទេះរុញ ក្នុងថិរវេលា ១:៤២:១០។

ដោយឡែកម្ចាស់មេដាយមាសអូឡាំពិក ២សម័យ កីឡាករ Eliud Kipchoge បានរត់ដល់ទីព្រ័ត្រនៅចំណាត់ថ្នាក់លេខ ១៧ ជាមួយថិរវេលា ២:១៤:៣៦ ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិទីក្រុងញូវយ៉ក។ ក្រោយបញ្ចប់ការប្រណាំងនោះរួច វីរបុរសកីឡារត់ម៉ារ៉ាតុង វ័យ ៤០ឆ្នាំ ក៏បានប្រកាសអំពីផែនការ ក្នុងការបំពេញបេសកកម្មចូលរួមរត់នៅព្រឹត្តិការណ៍ម៉ារ៉ាតុងចំនួន ៧ ផ្សេងទៀត នៅតាមទ្វីបទាំង ៧ លើពិភពលោក ក្នុងរយៈពេល ២ឆ្នាំ។ Kipchoge សញ្ជាតិកេនយ៉ា ដាក់ឈ្មោះការរត់នៅ៧ទ្វីបនោះថា «Eliud Kipchoge World Tour»៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top