លោក ថោង ខុន ចាត់​ទុក «វឌ្ឍនៈលេជេនស៍» ​ជា​មោទនភាព​កម្ពុជា ខណៈ​សម្តេច​តេជោ នឹងអញ្ជើញ​ជា​អធិបតី

ការ​ប្រកួត​កីឡាវាយ​កូន​ហ្គោល​អន្តរជាតិធំ​បំផុត​លើក​ដំបូង​នៅប្រទេស​កម្ពុជា «ជើង​ឯក វឌ្ឍនៈ លេជេនស៍» ​គឺ​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​មាន​វីរបុរស​កីឡា​វាយកូន​ហ្គោលល្បី​ៗមក​ពី​ទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត​ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន វឌ្ឍនៈ ហ្គោល រីហ្សត។

អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុម​ហ៊ុន វឌ្ឍនៈ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ថា បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជាយើង ស្របពេលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ ការប្រកួតជើងឯកនេះ ដែលធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យ​លើសពី ព្រឹត្តិការណ៍កីឡា»។

 

អ្នក​ឧកញ៉ា បន្ត​ថា ៖«ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងកើនឡើងក្នុងទិសដៅនៃឧត្តមភាព បដិសណ្ឋារកិច្ច និងកាលានុវត្តភាព​។ តាមរយៈការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ យើងខ្ញុំមានគោលបំណងបំផុសគំនិត រួបរួម និងបង្ហាញពិភពលោកអំពីឧត្តមភាពរបស់កម្ពុជា គុណភាពនៃបរិក្ខា​របស់យើង និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា»។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍ​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​ប្រសាសន៍​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យសម្រាប់​កម្ពុជា។ អ្វី​ដែល​ខាង Legends Tour អនុញ្ញាតិ និង​ទទួល​ស្គាល់​ដោយ​​ឲ្យ​ វឌ្ឍនៈ ហ្គោល រីហ្សត សហការ​ជា​មួយគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​ទេសចរណ៍​​រៀបចំ​ការ​ប្រកួត វឌ្ឍនៈ លេជេនស៍ គឺ​ជា​មោទនភាព​សម្រាប់​កម្ពុជា។

លោក ថោង ខុន ថ្លែង​ថា ៖«Legends Tour គឺជា​ព្រឹត្តិការរណ៍​ដែល​សុទ្ធ​តែកីឡាករ​ឆ្នើម​ៗ​អាយុ​៥០​ឆ្នាំ​ឡើង គ្មាន​ក្រោម​អាយុ​៥០​ឆ្នាំ​ទេ។ ពួក​គាត់​ដើរ​ប្រកួត​ទូទាំង​ពិភព​លោក​។ កាល​ណា ពួក​គាត់​មក​ចូល​រួម​ប្រកួត ហើយ​ទទួល​ស្គាល់​ព្រឹត្តិការណ៍​ប្រកួត​របស់​យើង​គឺ​មាន​ន័យ​ថា យើង​ចូល​ក្នុង​កម្រិត​ស្តង់ដា​ពិភព​លោក​ហើយ។ គេ​ទទួល​ស្គាល់​កម្ពុជា​ដែល​មាន​សមត្ថភាព​រៀបចំ​ព្រឹត្តិការណ៍កីឡា​ធំៗ»។

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បង្ហើប​ថា ៖«សម្តេច​តជោ​យល់​ច្បាស់​ពី​សារសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ ហើយ​សម្តេច​នឹង​ផ្តល់​កិត្តិយស​ចូល​រួម​ក្នុង​ពិធី​បើក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ហើយ​សម្តេច​ក៏​នឹង​ចូល​រួម​ប្រកួត​ផង​ដែរ»។

កីឡាករ​ឆ្នើម​ៗ​មក​ពី​ទូទាំង​ពិភព​លោក​ចំនួន ៦០ ​នាក់​នឹង​មក​ចូល​រួម​​ប្រកួត ក្នុង​នោះ​ក៏​មានដែល​ធ្លាប់​ឈ្នះ​កំពូល​កីឡាករ​វាយកូនហ្គោលលើ​លោកគឺ Tiger Woods ដើម្បី​ឈ្នះ​ជើង​ឯក U.S Open កាល​ពី​ឆ្នាំ ២០០៥។

អ្នកលេងហ្គោលអាជីពនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃច័ន្ទ-ថ្ងៃអង្គារ៍ ទី១៧-១៨ ខែវិច្ឆិកា។ ការប្រកួត Innovational Pro-Am Tournament នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។ បន្ទាប់មក ការប្រកួត Pro-Am Tournament នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ហើយ​សម្រាប់ការប្រកួតអាជីព​សំខាន់​គឺ Vattanac Legends Championship ពី​ថ្ងៃ​ទី២១ ដល់ថ្ងៃ​ទី២៣ ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិ​ជា​ច្រើន​នឹង​ផ្សាយ​ចេញ​ពី​ប្រទេសកម្ពុជា​ដែល​ក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top