ការប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិធំបំផុតលើកដំបូងនៅប្រទេសកម្ពុជា «ជើងឯក វឌ្ឍនៈ លេជេនស៍» គឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាដែលនឹងមានវីរបុរសកីឡាវាយកូនហ្គោលល្បីៗមកពីទូទាំងពិភពលោកចូលរួមប្រកួត ចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជាយើង ស្របពេលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ ការប្រកួតជើងឯកនេះ ដែលធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យលើសពី ព្រឹត្តិការណ៍កីឡា»។
អ្នកឧកញ៉ា បន្តថា ៖«ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងកើនឡើងក្នុងទិសដៅនៃឧត្តមភាព បដិសណ្ឋារកិច្ច និងកាលានុវត្តភាព។ តាមរយៈការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ យើងខ្ញុំមានគោលបំណងបំផុសគំនិត រួបរួម និងបង្ហាញពិភពលោកអំពីឧត្តមភាពរបស់កម្ពុជា គុណភាពនៃបរិក្ខារបស់យើង និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា»។
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់កម្ពុជា។ អ្វីដែលខាង Legends Tour អនុញ្ញាតិ និងទទួលស្គាល់ដោយឲ្យ វឌ្ឍនៈ ហ្គោល រីហ្សត សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍រៀបចំការប្រកួត វឌ្ឍនៈ លេជេនស៍ គឺជាមោទនភាពសម្រាប់កម្ពុជា។
លោក ថោង ខុន ថ្លែងថា ៖«Legends Tour គឺជាព្រឹត្តិការរណ៍ដែលសុទ្ធតែកីឡាករឆ្នើមៗអាយុ៥០ឆ្នាំឡើង គ្មានក្រោមអាយុ៥០ឆ្នាំទេ។ ពួកគាត់ដើរប្រកួតទូទាំងពិភពលោក។ កាលណា ពួកគាត់មកចូលរួមប្រកួត ហើយទទួលស្គាល់ព្រឹត្តិការណ៍ប្រកួតរបស់យើងគឺមានន័យថា យើងចូលក្នុងកម្រិតស្តង់ដាពិភពលោកហើយ។ គេទទួលស្គាល់កម្ពុជាដែលមានសមត្ថភាពរៀបចំព្រឹត្តិការណ៍កីឡាធំៗ»។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបថា ៖«សម្តេចតជោយល់ច្បាស់ពីសារសំខាន់នៃព្រឹត្តិការណ៍នេះ ហើយសម្តេចនឹងផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកនៅថ្ងៃទី១៩ ខែវិច្ឆិកា ហើយសម្តេចក៏នឹងចូលរួមប្រកួតផងដែរ»។
កីឡាករឆ្នើមៗមកពីទូទាំងពិភពលោកចំនួន ៦០ នាក់នឹងមកចូលរួមប្រកួត ក្នុងនោះក៏មានដែលធ្លាប់ឈ្នះកំពូលកីឡាករវាយកូនហ្គោលលើលោកគឺ Tiger Woods ដើម្បីឈ្នះជើងឯក U.S Open កាលពីឆ្នាំ ២០០៥។
អ្នកលេងហ្គោលអាជីពនឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃច័ន្ទ-ថ្ងៃអង្គារ៍ ទី១៧-១៨ ខែវិច្ឆិកា។ ការប្រកួត Innovational Pro-Am Tournament នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។ បន្ទាប់មក ការប្រកួត Pro-Am Tournament នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ហើយសម្រាប់ការប្រកួតអាជីពសំខាន់គឺ Vattanac Legends Championship ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។
ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអន្តរជាតិជាច្រើននឹងផ្សាយចេញពីប្រទេសកម្ពុជាដែលក្លាយជាចំណុចកណ្តាលនៃពិភពលោកក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍កីឡា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ប្រភព៖ KAMPUCHEATHMEY



