UEL៖ ជំនួបរវាង Aston Villa-Maccabi នឹងដាក់ពង្រាយប៉ូលិស ៧០០នាក់ ការពារសុវត្ថិភាព

យ៉ាងហោចមន្ត្រីប៉ូលិសអង់គ្លេស ៧០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព។ ការពង្រឹងសុវត្ថិភាពនេះធ្វើឡើងអំឡុងការប្រកួតរវាងក្រុម Aston Villa របស់លីគកំពូលអង់គ្លេស ស្វាគមន៍ក្រុមភ្ញៀវ Maccabi Tel Aviv មកពីអ៊ីស្រាអែល ពេលក្រុមទាំង២ ប៉ះគ្នានៅពានរង្វាន់ Europa League ថ្ងៃទី៦ វិច្ឆិកា។

ពលរដ្ឋរស់នៅជុំវិញកីឡដ្ឋាន Villa Park ក៏ត្រូវបានអាជ្ញាធរតំបន់ព្រមានអំពីបញ្ហានឹងអាចកើតមានជាយថហេតុ នៅក្នុងការប្រកួតរបស់ក្រុម Aston Villa ទល់នឹងក្រុមមកពីអ៊ីស្រាអែលនោះ។ កន្លងមកមុនការប្រកួតនេះចូលមកដល់ ក៏ធ្លាប់មានរឿងរ៉ាវចម្រូងចម្រាសមួយចំនួន​ ដោយមន្ត្រីប៉ូលិសអង់គ្លេស បានហាមឃាត់មិនឱ្យមានអ្នកគាំទ្រក្លិប Maccabi ចូលទស្សនាការប្រកួតបានឡើយ។ ក្លិប Aston Villa ក៏សម្រេចចិត្តហាមឃាត់អ្នកគាំទ្រក្រុមភ្ញៀវ​ ទៅតាមសំណើររបស់ក្រុមប្រឹក្សាសន្តិសុខទីក្រុង Birmingham។ 

លើសពីនេះក្លិប Maccabi Tel Aviv ក៏បានសម្រេចចិត្តហាមឃាត់ និងមិនទទួលយកសំបុត្រ ដែលត្រូវផ្តល់ឱ្យអ្នកគាំទ្រខ្លួន នៅក្នុងការប្រកួតនោះ។

ហេតុផលចម្បងដែលប៉ូលិសអង់គ្លេស ហាមឃាត់មិនឱ្យមានអ្នកគាំទ្រអ៊ីស្រាអែលក្នុងការប្រកួតរបស់ក្រុម Aston Villa ព្រោះតែបារម្ភបញ្ហាសុវត្ថិភាព ពីសំណាក់បាតុករគាំទ្រប៉ាឡេស្ទីន អាចនឹងនាំគ្នាធ្វើបាតុកម្ម។ កន្លងមកនៅប្រទេសអ៊ីតាលី និងអេស្ប៉ាញ អ្នកគាំទ្រប៉ាឡេស្ទីន បាននាំគ្នាចេញតវ៉ា និងធ្វើបាតុកម្មរហូតប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

លោក Tom Joyce អគ្គស្នងការនគរបាលទីក្រុង Birmingham បានសង្កត់ធ្ងន់ថា អ្នកបំពានច្បាប់នឹងត្រូវទទួលទោសតាមច្បាប់អង់គ្លេស។ អ្នកញុះញង់ឱ្យមានការស្អប់ខ្ពើមក៏ត្រូវឃាត់ខ្លួនផងដែរ។

ទាក់ទងនឹងបញ្ហាដដែលខាងលើ​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir ​Kier Starmer ក៏បានរិះគន់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសុវត្ថិភាព (SAG) និងមន្ត្រីប៉ូលិសអង់គ្លេស ដែលហាមឃាត់អ្នកគាំទ្រអ៊ីស្រាអែលពីការប្រកួត។ លើសពីនេះមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ក៏បានចាត់ទុកបញ្ហានេះ ជារឿងដ៏អាម៉ាស់មួយ និងមិនគួរកើតមាននៅប្រទេសអង់គ្លេស។ 

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន ប្រចាំអង់គ្លេស បានស្នើឱ្យការប្រកួតនោះផ្អាក ឬលុបចោល។ ក្រុមបាតុករទាំងនោះថែមទាំងព្រមានថានឹងធ្វើបាតុកម្មនៅកន្លែងមានការប្រកួតនោះកើតឡើងផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top