ម៉ាឡេស៊ីប្តេជ្ញាបន្តតស៊ូប្តឹងឧទ្ធរណ៍រឿងទណ្ឌកម្មក្លែងបន្លំកីឡាករចូលសញ្ជាតិ ទោះ FIFA បដិសេធ

សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថានឹងតស៊ូបន្តប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា(CAS) បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) បដិសេធសំណើរប្តឹងឧទ្ធរណ៍ខ្លួន ចំពោះការដាក់ទណ្ឌកម្មលើសហព័ន្ធ និងលើកីឡាករក្លែងបន្លំចូលសញ្ជាតិម៉ាឡេស៊ី ៧នាក់។

លោក Datuk Yusoff Mahadi ប្រធានស្តីទីសហព័ន្ធ FAM បានអះអាងថា FAM នឹងប្រើវិធីសាស្ត្រចុងក្រោយ គឺនាំយករឿងក្តីខ្លួនជាមួយ FIFA ទៅកាន់តុលាកាអាជ្ញាកណ្តាលកីឡា (CAS ) ដើម្បីឱ្យជួយដោះស្រាយបញ្ហាបានកើតមានកន្លងមក។ ការប្រកាសរបស់ប្រធានស្តីទី FAM ធ្វើឡើងត្រឹមតែ ១០នាទី ប៉ុណ្ណោះ បន្ទាប់ពី FIFA ប្រកាសពីការបដិសេធពាក្យបណ្តឹងឧទ្ធរណ៍របស់ពួកគេ លើរឿងក្លែងបន្លំឯកសារកីឡាករបរទេសចូលសញ្ជាតិ ៧នាក់។

«នេះជាលើកដំបូងដែល FAM ជួបប្រទះនឹងបញ្ហាបែបនេះ។ មេធាវីរបស់យើង និងថ្នាក់ដឹកនាំសហព័ន្ធពិតជាភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ FIFA។ យ៉ាងណាក៏ដោយ FAM នឹងបន្តរក្សជំហរក្នុងការ ការពារសិទ្ធិរបស់យើងនិងកីឡាករ ព្រមទាំងចំណាប់អារម្មណ៍មកលើកីឡាករបាល់ទាត់ម៉ាឡេស៊ីនៅកម្រិតអន្តរជាតិ។ ក្រោយពីយើងទទួលការបដិសេធពី FIFA យើងនឹងបន្តដាក់ពាក្យប្តឹងទៅកាន់តុលាការ CAS ចំពោះបញ្ហានេះបន្តទៀត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោក Mahadi។ 

កីឡាករទាំង៧រូប ជាប់ទណ្ឌកម្មពី FIFA រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល និងកីឡាករ Hector Hevel ដើមកំណើតហូឡង់។ ម្នាក់ៗរងពិន័យជាប្រាក់ ២ ០០០ដុល្លារ និងហាមពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំ។ ចំណែក FAM រងពិន័យជាប្រាក់ជាង ៤០ម៉ឺនដុល្លារ។

កីឡាករទាំង ៧នាក់នោះ ត្រូវបានម៉ាឡេស៊ីដាក់ឱ្យចូលក្នុងការប្រកួតទល់នឹងវៀតណាម ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ កាលពីខែមិថុនា។ វៀតណាមចាញ់ ៤-០ ដោយមិនអស់ចិត្ត និងសង្ស័យលើម៉ាឡេស៊ី ខ្លួនក៏បានដាក់ពាក្យប្តឹងទៅ FIFA។ ក្រោយមក FIFA បើកការស៊ើបអង្កេត និងរកឃើញភស្តុតាងថាកីឡាទាំង ៧នាក់ គ្មានជាប់សែស្រលាយទៅនឹងជីជូនជីតាសញ្ជាតិម៉ាឡេស៊ីឡើយ។

ម៉ាឡេស៊ីរងពិន័យធ្ងន់ពី FIFA រួមទាំងកីឡាករក៏ប្រឈមមុខនឹងការបាត់បង់អាជីពបាល់ទាត់នៅកម្រិតទ្វីបអឺរ៉ុប។ ចំណុចនេះម៉ាឡេស៊ី តែងតែទទូចជារឿយៗ ឱ្យ FIFA បន្ធូរបន្ថយពិន័យលើកីឡាករ ដើម្បីជួយការពារអាជីបកីឡាករដែលបានក្លែងបន្លំចូលសញ្ជាតិទាំង ៧នាក់នោះ៕​

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top