នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានការប្រកួតប្រដាល់គុនខ្មែរជាច្រើនគូ ក្នុងនោះមានការប្រកួតគុនចម្រុះ និងឃីកបុកស៊ីង ថែមទៀត។
លទ្ធផលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ កីឡាករ កីឡាការិនីកម្ពុជាលំដាប់ជួរមុខជាច្រើនគូបានបរាជ័យស្ទើរមិនគួរឲ្យជឿ។ ជើងខ្លាំងលំដាប់លេខ១ស្រុកខ្មែរទម្ងន់៥៧គីឡូក្រាម បឺត សង្ឃឹម បានចាញ់ក្នុងទឹកទី១ ហើយ មនុស្សឈើ សុខ ធី បានចាញ់ពិន្ទុ។
អ្វីដែលអ្នកគាំទ្រសោកស្តាយបំផុត គឺកីឡាករលំដាប់លេខ១ស្រុកខ្មែរទម្ងន់៧៣គីឡូក្រាម ធឿន ធារ៉ា បានចាញ់ដៃគូចាស់ បាវែល មកពីប្រទេសបេឡារុស្ស ដែលធ្វើឲ្យរូបគេធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកដែលមានបេក្ខភាព៨នាក់ក្នុងមួយរាត្រី។
ជាមួយគ្នានេះ កីឡាករ គោរមៈ ច័ន្ទរាជ បានចាញ់ពិន្ទុកីឡាករចិនសម្រាប់ការប្រកួតឃីកបុកស៊ី ហើយកីឡាការិនី អេ យ៉ានុត បានចាញ់សន្លប់ក្រោមកណ្តាប់ដៃកីឡាការិនីអាមេរិក និងកីឡាករ គឹម វាសនា ក៏បានចាញ់សន្លប់។
ចំណែកការប្រកួតគុនចម្រុះវិញ គ្មានកីឡាករកម្ពុជាណាម្នាក់ដែលអាចទទួលបានជ័យជម្នះលើកីឡាករចិនឡើយ។
ទោះបីជាយ៉ាងណា លទ្ធផលដែលគួរឲ្យសរសើររបស់កីឡាករកម្ពុជាគឺ អេ អាំម៉ារីនភូថង ដណ្តើមខ្សែក្រវាត់បានពីកីឡាករអាមេរិន Even Boulton។ នេះជាបរាជ័យលើកទី១របស់កីឡាករអាមេរិក បន្ទាប់ពីរូបគេធ្លាប់ឈ្នះកីឡាករកម្ពុជាជាច្រើននាក់។ កូនប្រុសរបស់លោក អេ ភូថង ម្នាក់ទៀតគឺ ម៉ឺន មេឃា ក៏ទទួលបានជ័យជម្នះលើកីឡាករចិន សម្រាប់ការប្រកួតឃីកបុកស៊ីង ព្រមទាំងមានកីឡាករច្រើននាក់ទៀតដែលទទួលបានជោគជ័យ៕
ប្រភព៖ KAMPUCHEATHMEY



