កីឡាករ​លំដាប់​ៗ​​ស្រុក​ខ្មែរ​ច្រើន​នាក់​​បាន​ចាញ់​ក្នុង​ពេល​បុណ្យ​អុំទូក

នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​​ជា​ច្រើន​គូ​ ក្នុង​នោះ​មាន​ការ​ប្រកួត​គុន​ចម្រុះ និង​ឃីកបុក​ស៊ីង ថែម​ទៀត។

លទ្ធផល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន។ កីឡាករ កីឡាការិនី​កម្ពុជា​លំដាប់​ជួរ​មុខ​ជា​ច្រើន​គូ​បាន​បរាជ័យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ជើង​ខ្លាំង​លំដាប់លេខ​១​ស្រុក​ខ្មែរ​ទម្ងន់​៥៧​គីឡូក្រាម បឺត សង្ឃឹម បានចាញ់​ក្នុង​ទឹក​ទី១ ហើយ មនុស្ស​ឈើ សុខ ធី​ បានចាញ់ពិន្ទុ។

 

អ្វី​ដែល​អ្នក​គាំទ្រ​សោក​ស្តាយ​បំផុត គឺកីឡាករ​លំដាប់​លេខ​១​ស្រុក​ខ្មែរ​ទម្ងន់៧៣​គីឡូក្រាម ធឿន ធារ៉ា បាន​ចាញ់ដៃ​គូ​ចាស់ បាវែល មក​ពី​ប្រទេស​បេឡារុស្ស ដែល​ធ្វើ​ឲ្យ​រូប​គេ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ដែល​មាន​បេក្ខភាព​៨​នាក់​ក្នុង​មួយ​រាត្រី។

ជា​មួយ​គ្នា​នេះ កីឡាករ គោរមៈ ច័ន្ទរាជ បាន​ចាញ់​ពិន្ទុ​កីឡាករ​ចិន​សម្រាប់​ការ​ប្រកួត​​ឃីក​បុក​ស៊ី ហើយ​កីឡាការិនី អេ យ៉ានុត បាន​ចាញ់​សន្លប់​ក្រោម​កណ្តាប់​ដៃ​កីឡាការិនី​អាមេរិក និងកីឡាករ គឹម វាសនា ក៏​បានចាញ់​សន្លប់​។

ចំណែក​ការ​ប្រកួត​គុន​ចម្រុះ​វិញ គ្មាន​កីឡាករកម្ពុជា​​ណា​ម្នាក់​ដែល​អាច​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ចិន​ឡើយ។

ទោះ​បី​ជាយ៉ាង​ណា លទ្ធផល​ដែល​គួរ​ឲ្យ​សរសើរ​របស់​កីឡាករ​កម្ពុជា​គឺ អេ អាំម៉ារីនភូថង ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី​កីឡាករ​អាមេរិន Even Boulton។ នេះ​ជា​បរាជ័យ​លើក​ទី១​របស់​កីឡាករ​អាមេរិក បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់។ កូន​ប្រុស​របស់​លោក អេ ភូថង ម្នាក់​ទៀត​គឺ ម៉ឺន មេឃា ក៏​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ចិន សម្រាប់​ការ​ប្រកួត​ឃីក​បុក​ស៊ីង ព្រម​ទាំង​មាន​កីឡាករ​ច្រើន​នាក់​ទៀត​ដែល​ទទួល​បាន​ជោគជ័យ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top