គិតត្រឹមព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់ចេញបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឡើយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហុងកុង នៅថ្ងៃ FIFA Day។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិផ្លូវការជាមួយ ហុងកុង ក្នុងថ្ងៃ FIFA Day នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិន។ រហូតដល់ពេលនេះនៅសល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែបញ្ជីឈ្មោះក្រុមជម្រើសជាតិមិនទាន់ត្រូវបានប្រកាសឡើយ។
អ្នកគាំទ្រពិតជាចង់ដឹងពីសមាសភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាណាស់ ថាតើត្រូវបានជ្រើសរើសមកពីក្លិបណាខ្លះ បន្ទាប់ពីខកខានក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day ពីរលើកមកហើយក្នុងឆ្នាំ ២០២៥។ ការចាប់អារម្មណ៍ និងចង់ដឹងខ្លាំងពីអ្នកគាំទ្រដោយសារតែមានកីឡាករមួយចំនួនបានចេញទៅលេងនៅក្រៅប្រទេសគឺឥណ្ឌូណេស៊ី និង ថៃ ហើយនៅក្នុងស្រុកក៏មានការប្រកួតប្រជែងខ្លាំង ដូច្នេះអ្នកគាំទ្រពិតជាចង់ឃើញក្រុមកម្ពុជាមានកម្រិតគុណភាពប្រែប្រួលកម្រិតណា។
ការមិនទាន់ប្រកាសបញ្ជីឈ្មោះ ប្រហែលជាដោយសារលីគបាល់ទាត់កំពូលកម្ពុជាមិនទាន់ឈប់សម្រាកទេ ដោយសារនៅចុងសប្តាហ៍នេះមានការប្រកួតទៀត។
រឹតតែគួរឲ្យចាប់អារម្មណ៍ទៀតនោះ អ្នកគាំទ្រចង់ឃើញ កម្ពុជា បំបែកកំណត់ត្រាអាក្រក់ជាមួយ ហុងកុង។ ជួបគ្នា ៦ លើកចុងក្រោយ ហុងកុង ឈ្នះ ៤ និងស្មើ ២ ហើយកម្ពុជាមិនធ្លាប់ឈ្នះឡើយ។ អ្នកគាំទ្រពិតជាចង់ឃើញកម្ពុជាកែប្រែប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយ ហុងកុង៕
ប្រភព៖ KAMPUCHEATHMEY



