គ្រូ ភ្នំពេញក្រោន និងគ្រូ វិសាខា បង្ហាញចំណុចខ្លាំងគូប្រជែងរៀងៗខ្លួន មុនជួបគ្នាល្ងាចនេះ

គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុម វិសាខា លោក Seon Power និងគ្រូបង្វឹកក្រុម ភ្នំពេញក្រោន លោក Oleg Starynskyi បានបង្ហាញការគោរព និងលើកឡើងពីចំណុចខ្លាំងរបស់គូប្រជែងរៀងៗខ្លួន មុនជួបគ្នានៅកីឡដ្ឋាន វិសាខា ថ្ងៃ សៅរិ៍ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ល្ងាចនេះ សម្រាប់ការប្រកួតសប្តាហ៍ទី ១១ នៃក្របខណ្ឌលីគកំពូល កម្ពុជា (Cambodian Premier League។

មុនការប្រកួតមកដល់ លោក Seon Power បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដូច្នេះ ថា៖ «ខ្ញុំរំពឹងថា ការប្រកួតថ្ងៃស្អែក គឺជាការប្រកួតមួយដ៏ជក់ចិត្ត និងជាការប្រកួតមួយដ៏ល្អ ព្រោះថា ពួកយើងត្រូវជួបជាមួយក្រុមដែលធ្វើបានល្អ តាំងពីដើមរដូវកាល ដោយសារពួកគាត់មិនទាន់ស្គាល់បរាជ័យនោះទេ ហើយពួកគាត់ក៏ទើបធ្វើបានល្អក្នុងពានរង្វាន់ AFC Challenge League នាពេលថ្មីៗដែរ។ អ៊ីចឹងពួកយើងរីករាយ និងទន្ទឹងរង់ចាំចំពោះការប្រកួតថ្ងៃស្អែកនេះ»

ដោយឡែកគ្រូបង្វឹក លោក Oleg Starynskyi វិញបានមានប្រសាសន៍ ថា៖ «ទោះបីជាវិសាខាមិនទទួលបានលទ្ធផលល្អ ប៉ុន្តែពួកគេនៅតែជាក្រុមដែលតែងតែបង្កើតឳកាសជាច្រើនក្នុងការប្រកួត។ ពួកគេជាក្រុមដ៏គ្រោះថ្នាក់មួយ ហើយសម្រាប់យើងវិញយើងត្រូវការភាពរឹងមាំ ដើម្បីត្រៀមខ្លួនរៀបចំឲ្យបានល្អ និងផ្តោតអារម្មណ៍លើការប្រកួត»។

បុរសសញ្ជាតិ អ៊ុយក្រែន វ័យ ៣៩ ឆ្នាំ បានបន្ត ថា៖ «ពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក ប៉ុន្តែប្រព័ន្ធនៃការលេងរបស់គេនៅតែរួមបញ្ចូលគ្នាជាក្រុមមួយដដែល។ ពួកគេជាក្រុមដែលលេងខ្លាំង លឿន និងចូលចិត្តបង្កើតឳកាសជាច្រើន។ ខ្ញុំគិតថាពួកគេជាក្រុមដែលលេងលឿន បូករួមជាមួយគុណភាពកីឡាករល្អៗដែលគេមាន ដូច្នេះយើងត្រូវតែខ្លាំងដូចគ្នាព្រោះយើងត្រូវជួបគូប្រកួតដែលខ្លាំង»

គួរឱ្យដឹងថា ការប្រកួតក្នុងលីគកម្ពុជានៅរដូវកាលនេះ ក្រុម ភ្នំពេញក្រោន មិនទាន់ស្គាល់រស់ជាតិបរាជ័យនៅឡើយទេ ដោយឆ្លងកាត់ ៧ ប្រកួត ពួកគេឈ្នះ ៥ និងស្មើ ២ មាន ១៧ ពិន្ទុ កំពុងឈរនៅចំណាត់ថ្នាក់ទី ៣។ ចំណែកក្រុម វិសាខា វិញ កំពុងឈរនៅចំណាត់ថ្នាក់ទី ៧ ដោយឆ្លងកាត់ ៩ ប្រកួត ឈ្នះ ២ ស្មើ ៤ និងចាញ់ ៣ មាន ១០ ពិន្ទុ៕

ប្រភព៖  KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top