ផ្លូវការ! ពាន Finalissima នឹងធ្វើនៅ កាតា ក្នុង​កីឡដ្ឋាន អាហ្សង់ទីន ឈ្នះ World Cup ២០២២

ពានរង្វាន់ Finalissima ដែលជាពានរៀបចំឡើងសម្រាប់ការជួបគ្នារវាងក្រុមម្ចាស់ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប Euro ក្រុមជម្រើសជាតិ អេស្ប៉ាញ ទល់នឹងម្ចាស់ជើងឯកទ្វីប អាមេរិកខាងត្បូង Copa America អាហ្សង់ទីន បានប្រកាសអំពីពេលវេលាប្រកួត និងទីកន្លែងប្រកួតជាផ្លូវការ។

យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ Marca បានឱ្យដឹងថា ការជួបគ្នាវគ្គផ្តាច់ព្រ័ត្រពាន Finalissima រវាង អេស្ប៉ាញ និង អាហ្សង់ទីន នឹងរៀបចំឡើងនៅកីឡដ្ឋាន Lusail Stadium ក្នុងប្រទេស កាតា ថ្ងៃទី ២៧ មីនា ឆ្នាំ ២០២៦។ កីឡដ្ឋាន Lusail Stadium នេះ ជាទីកន្លែង ដែលក្រុម អាហ្សង់ទីន និង Lionel Messi ឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup កាលពីឆ្នាំ ២០២២ កន្លងទៅ។

ជំនួបដ៏អស្ចារ្យនេះ នឹងក្លាយជាការប្រកួតដ៏ធំមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ដោយសារអ្នកគាំទ្រ នឹងបានឃើញការជួបគ្នារវាងកីឡាករជំនាន់ក្រោយ ដែលកំពុងឡើងជើងខ្លាំង Lamine Yamal លេងតទល់នឹងវីរបុរស Lionel Messi។

គួរឱ្យដឹងថា ពាន Finalissima បានរៀបចំឡើង ៣ លើករួចមកហើយ ប៉ុន្តែពាននេះត្រូវបានផ្អាក បន្ទាប់ពីរៀបចំបាន ២ លើកនៅឆ្នាំ ១៩៨៥ និង ១៩៩៣។ លុះនៅឆ្នាំ ២០២២ ទើបពាននេះចាប់ផ្តើមដំណើការឡើងវិញ ដោយ អាហ្សង់ទីន ជាអ្នកក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះលើ អ៊ីតាលី ក្នុងលទ្ធផល ៣ ទល់នឹង ០៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top