លោក Mounir Nasraoui ឪពុករបស់កីឡាករយុវជន Lamine Yamal លេងឱ្យក្លិប Barcelona កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការភ្ជាប់ពាក្យជាមួយនឹងមិត្តស្រីមានវ័យត្រឹម ២៣ឆ្នាំ។ ឪពុករបស់កីឡាករវ័យ ១៨ឆ្នាំ មានវ័យលើមិត្តស្រីដែលទើបភ្ជាប់ពាក្យដល់ទៅ ១៦ឆ្នាំ ឯណោះ ហើយនាងក៏នឹងក្លាយជាម្តាយចុងរបស់ Yamal ក្នុងពេលដ៏ឆាប់។
លោក Nasraoui ពេលថ្មីនេះ បានបង្ហោះរូបភាពជាមួយមិត្តស្រីរបស់លោក មានឈ្មោះថា Khristina។ ការបង្ហោះនោះពុំមានសរសេរពាក្យអ្វីភ្ជាប់ជាមួយឡើយ ដោយគ្រាន់តែដាក់ត្រឹមរូបភាពបេះដូង អមជាមួយនឹងរូបជញ្ជៀន។ រូបភាពហាក់បីចង់បង្ហាញថាអ្នកទាំង ២ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ដើម្បីកសាងគ្រួសារមួយ ហើយនៅ ៤ថ្ងៃបន្ទាប់ ការបង្ហោះនោះក៏ផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើន។
អ្នកខ្លះបានចូលទៅបញ្ចេញមតិអបអរសាទរ និងជូនពរគូស្នេហ៍ទាំង ២ ខណៈមតិមួយចំនួននិយាយបែបចំអកឡកឡាយ ភ្ជាប់ឈ្មោះរបស់ Yamal ផងដែរ។ អ្នកបញ្ចេញមតិឡកឡាយនោះ បានសរសេរដូច្នេះថា៖«គួរឱ្យអាណិត Yamal ពេលនេះគេមានម្តាយម្នាក់ទៀតចិញ្ចឹមគេហើយ។»។ ការបញ្ចេញមតិនោះ ក៏ហាក់បីជានិយាយសំដៅទៅនឹងរឿងមិនសមរម្យសម្រាប់កីឡាករវ័យ ១៨ឆ្នាំ។
បើតាមការចុះផ្សាយរបស់កាសែត Marca ប្រចាំប្រទេសអេស្ប៉ាញ ឪពុកកីឡាករលេងនៅក្រុម Barca បានបង្ហាញមុខមិត្តស្រីរបស់លោកជាសាធារណៈនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកទាំង ២ ថែមទាំងបង្ហោះរូបភាពជាមួយគ្នាជារឿយលើបណ្តាញសង្គម និងមានការចាប់អារម្មណ៍ច្រើនពីមហាជន។
បុរសវ័យ ៣៩ឆ្នាំ និងនារីវ័យ ២៣ឆ្នាំ ក៏គ្រោងនឹងរៀបការនៅប៉ុន្មានខែបន្ទាប់ផងដែរ។ រឿងនេះអាចនឹងបង្កើតទំព័រជីវិតថ្មីមួយ សម្រាប់ Yamal យុវជនកំពុងល្បីឈ្មោះក្នុងពិភពលោកបាល់ទាត់អេស្ប៉ាញនិងពិភពលោកនៅពេលនេះ។
លោក Nasraoui បានកើតក្នុងទីក្រុង Larache ប្រទេសម៉ារ៉ុក ក្រោយមកលោកបានផ្លាស់មករស់នៅទីក្រុង Barcelona រួចក៏បានរៀបចំជាមួយប្រពន្ធទីមួយ អ្នកស្រី Sheila Ebana សញ្ជាតិហ្គីណេអេក្វាទ័រ។ អ្នកទាំង ២ ផ្តលកំណើតដល់ Yamal នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០០៧ មុនពេលអ្នកទាំង ២ ក៏បានសម្រេចចិត្តចែកផ្លូវគ្នា។ អ្នកស្រី Sheila វ័យ ៣៥ឆ្នាំ ជាមនុស្សម្នាក់តែងតែបង្ហាញការគាំទ្រសំខាន់បំផុតមួយរូប ក្នុងការគាំទ្រដល់អាជីពកីឡាករវ័យ ១៨ឆ្នាំ រហូតគេទទួលបានសមិទ្ធផលល្អខ្លាំងត្រឹមវ័យក្មេងនៅពេលនេះ។
ស្របពេលកូនប្រុសលោកលេចធ្លោរឈ្មោះល្បីល្បាញខ្លាំង លោក Nasraoui ក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នានៅលើបណ្តាញសង្គម ចំពោះការបង្ហាញរូបភាពទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់លោក។ បុរសវ័យ ៣៩ឆ្នាំ ដដែល ក៏តែងបង្ហោះឆ្លើយតបរាល់ការរិះគន់ផ្សេងៗលើកូនប្រុសលោក លើបណ្តាញសង្គមដូចគ្នា។
គូសរំលឹកថា កីឡាករវ័យ ១៨ឆ្នាំ បច្ចុប្បន្នជាកីឡាករសំខាន់មួយរូប នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ព្រមទាំង Barcelona។ នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ គេបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតលើពិភពលោក (Kopa Trophy) ជាប់ៗគ្នា៕
ប្រភព៖ THMEYTHMEY



