អៀរឡង់ នឹងស្នើសុំ UEFA ដាក់បម្រាមលើបាល់ទាត់អ៊ីស្រាអែល

សហព័ន្ធបាល់ទាត់អៀរឡង់ នឹងចូលរួមបោះឆ្នោត ស្នើសុំឱ្យសហព័ន្ធបាល់ទាត់អឺរ៉ុប (​UEFA) សម្រេចដាក់បម្រាមឃាត់អ៊ីស្រាអែលពីការប្រកួតបាល់ទាត់កម្រិតទ្វីបអឺរ៉ុប។ នេះគឺស្របទៅតាមសំណើរ UEFA កន្លងមក ដែលពួកគេធ្លាប់ប្រកាសនឹងបើកកិច្ចការប្រជុំជាមួយសមាជិកគ្រប់ប្រទេស ដើម្បីពិចារណាលើការព្យួរបាល់ទាត់អ៊ីស្រាអែល។

កាលពីមុនមក ក៏មានក្លិប និងក្រុមបាល់ទាត់ជម្រើសជាតិមួយចំនួន បានស្មើសុំ UEFA ឱ្យព្យួរអ៊ីស្រាអែលពីការប្រកួតកម្រិតអន្តរជាតិក្នុងតំបន់ ក្រោមមូលហេតុដែលអ៊ីស្រាអែល បានបំពានបទប្បញត្តិចំនួន​ ២ នៃច្បាប់របស់​ UEFA។ ករណីទីមួយអ៊ីស្រាអែល បានរៀបចំក្លិបបាល់ទាត់នៅក្នុងទឹកដីប៉ាឡេស្ទីន គ្មានការយល់ព្រមពីសហព័ន្ធបាល់ទាត់ប៉ាឡេស្ទីន។ ចំណែករឿងទីពីរសហព័ន្ធបាល់ទាត់អ៊ីស្រាអែល (IFA) មិនអាចអនុវត្តតាមគោលនយោបាយប្រឆាំងការរើសអើងរបស់ UEFA ឱ្យមានប្រសិទ្ធភាព។ 

ករណីទាំង ២ នេះ ត្រូវបានបណ្តាក្លិប និងក្រុមជម្រើសជាតិនៅទ្វីបអឺរ៉ុប អំពាវនាវឱ្យ UEFA ពិចារណាក្នុងការព្យួរក្រុមបាល់ទាត់ពីអ៊ីស្រាអែល ឬអាចឈានដល់ការដកសិទ្ធិជាសមាជិកសហព័ន្ធចេញតែម្តង។ រឿងទាំងពីរនេះ កើតឡើងក្រោយពីបណ្តាប្រទេសតំបន់អឺរ៉ុប មិនពេញចិត្តចំពោះអំពើប្រល័យពូជសាស្រ្តដែល កងទ័ពអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនរង្គាល ក្នុងសង្គ្រាមទល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់កាហ្សា។ 

បើតាមអ្នកនាំពាក្យសហព័ន្ធបាល់ទាត់អៀរឡង់ FAI ខ្លួននឹងសម្រេចចិត្តបោះឆ្នោត ឱ្យមានការហាមឃាត់លើអ៊ីស្រាអែល។ អ្នកនាំពាក្យសហព័ន្ធ FAI ដដែល ថែមទាំងចោទប្រកាន់អ៊ីស្រាអែល ថាបានបំពានបទប្បញត្តិ និងច្បាប់សំខាន់ៗរបស់ UEFA ហើយថែមទាំងព្រងើយកណ្តើយ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អៀរឡង់ ក៏បានបង្ហាញក្តីសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការដាក់បម្រាមទៅលើអ៊ីស្រាអែល។

តាមពិតទៅ UEFA គ្រោងរៀបចំការបោះឆ្នោតហាមឃាត់អ៊ីស្រាអែល កាលពីខែតុលាមកម្ល៉េះ​ ប៉ុន្តែរឿងនោះត្រូវបានអាក់ខានទៅវិញ បន្ទាប់ពីអាម៉េរិកបានជួយឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ ចូលតុចរចាបង្កើតបទឈប់បាញ់។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមានកាលពីថ្ងៃទី១០ តុលា ហើយកាលនោះ UEFA ចង់ហាមឃាត់អ៊ីស្រាអែល ក្រោមហេតុផលសង្គ្រាមក្នុងតំបន់កាហ្សា។

បំណងរបស់ UEFA ទៀតសោត កើតឡើង បន្ទាប់ពីអ្នកជំនាញក្នុងអង្គការសហប្រជាជាតិ (UN) ស្នើឱ្យសហព័ន្ធបាល់ទាត់នានាប្រចាំអឺរ៉ុប ឱ្យសម្រេចចិត្តព្យួរអ៊ីស្រាអែលពីការប្រកួតរយៈពេលខ្លី។ 

គូសរំលឹកថា សោកនាដកម្មក្នុងសង្គ្រាមតំបន់កាហ្សា យ៉ាងហោចមានពលរដ្ឋស្លូតត្រង់ប៉ាឡេស្ទីន ប្រមាណជាង ៦៥ ០០០នាក់ ត្រូវបានសម្លាប់។ នេះបើតាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលតំបន់កាហ្សា ខណៈសង្គ្រាមនោះក៏បង្កឱ្យមានមនុស្សជាច្រើនអត់ឃ្លាន។ ចំណែកកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣​ ក្រុមហាម៉ាស់បានវាយប្រហារលើអ៊ីស្រាអែល ដោយបានសម្លាប់ពលរដ្ឋប្រមាណ ១ ២០០នាក់ និង ២៥១នាក់ត្រូវបានចាប់ជំរិត៕

ប្រភព៖​THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top